រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការជាមួយអង្គការ OECD និងលេខាធិការដ្ឋានអាស៊ាន បានធ្វើការរៀបចំនូវព្រឹត្តិការណ៍នៃ “ការប្រកាសជាផ្លូវការនូវរបាយការណ៍ស្តីពីការពិនិត្យវាយតម្លៃលើការប្រកួតប្រជែងចំពោះច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យភស្តុភារនៅកម្ពុជា និងការពិនិត្យអព្យាក្រឹតភាពនៃការប្រកួតប្រជែងលើសេវាកម្មដឹកជញ្ជូនកញ្ចប់តូចនៅកម្ពុជា”។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom)។
របាយការណ៍ថ្មីចំនួន ២(ពីរ) ត្រូវបានប្រកាសជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងប្រទេសជាសមាជិកអាស៊ាន តំណាងអង្គការ OECD តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យភស្តុភារកម្មនៅប្រទេសកម្ពុជា ដែលរបាយការណ៍ទាំងនោះ រួមមាន (១). ការពិនិត្យវាយតម្លៃលើការប្រកួតប្រជែង ដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច (OECD)៖ វិស័យភស្ដុភារកម្មនៅប្រទេសកម្ពុជា និង(២). ការពិនិត្យឡើងវិញពីអព្យាក្រឹតភាពនៃការប្រកួតប្រជែង ដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច (OECD)៖ សេវាកម្មដឹកជញ្ជូនកញ្ចប់តូចនៅប្រទេសកម្ពុជា។ របាយការណ៍ទាំងពីរនេះបានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយគាំទ្រការប្រកួតប្រជែង អាចជួយដល់វិស័យភស្តុភារកម្មរបស់ប្រទេសកម្ពុជាឱ្យរីកចម្រើន និងនាំមកនូវការស្តារឡើងវិញនៃសេដ្ឋកិច្ចដែលបានរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។
នៅឆ្នាំ២០១៩ ទីផ្សារដឹកជញ្ជូននិងស្តុកទំនិញនៅប្រទេសកម្ពុជាមានតម្លៃ ២,១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹងប្រមាណ ៨% នៃសេដ្ឋកិច្ចជាតិ។ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៩៨ ក្នុងចំណោម ១៦០ ប្រទេស នៅក្នុងសន្ទស្សន៍ការអនុវត្តការដឹកជញ្ជូនជាសកលរបស់ធនាគារពិភពលោក (World Bank)។ ដូច្នេះ ដើម្បីឱ្យវិស័យដឹកជញ្ជូនមានការគាំទ្របន្ថែមទៅលើសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធលើវិស័យភស្តុភារកម្មក្នុងប្រទេសកម្ពុជាត្រូវមានការកែលម្អបន្ថែមទៀត ហើយការកែលម្អនេះនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូលផងដែរ។
នៅឆ្នាំ២០២០ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានធ្លាក់ចុះប្រមាណ ៣% ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលសកម្មភាពសេដ្ឋកិច្ចសំខាន់ៗ ដូចជា ការនាំចេញ និងទេសចរណ៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការបិទព្រំដែននិងការធ្លាក់ចុះនៃពាណិជ្ជកម្ម។ ភស្តុភារកម្មនិងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាចំណុចស្នូលនៃការធ្វើពាណិជ្ជកម្ម ហើយក៏ជាការចំណាយដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មផងដែរ។
អនុសាសន៍ដែលបានលើកឡើងនៅក្នុងរបាយការណ៍របស់អង្គការ OECD អាចជួយដល់ការបង្កើតបទប្បញ្ញត្តិនានាសម្រាប់គាំទ្រដល់ការប្រកួតប្រជែង។ បទប្បញ្ញត្តិដែលគាំទ្រដល់ការប្រកួតប្រជែង គឺអាចកាត់បន្ថយការចំណាយក្នុងការធ្វើធុរកិច្ច អនុញ្ញាតឱ្យចូលទីផ្សារនិងលើកទឹកចិត្តឱ្យមានការវិនិយោគក្នុងស្រុកនិងបរទេសជំរុញផលិតភាពនិងតម្លៃទាបសម្រាប់អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់។ ដោយផ្តោតសំខាន់លើសេវាកម្មដឹកជញ្ជូន អនុសាសន៍ទាំងនេះ អាចមានឥទ្ធិពលនិងផលចំណេញដល់សេដ្ឋកិច្ចសម្រាប់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។
របាយការណ៍ស្តីពីការពិនិត្យវាយតម្លៃលើការប្រកួតប្រជែងនៃវិស័យភស្តុភារកម្មនៅប្រទេសកម្ពុជា គឺធ្វើការវាយតម្លៃផលប៉ះពាល់នៃបទប្បញ្ញត្តិលើការប្រកួតប្រជែងនៅក្នុងវិស័យនេះ ដែលគ្របដណ្តប់ ៥(ប្រាំ)ផ្នែកសំខាន់ៗនៃទីផ្សារភស្តុភារកម្ម រួមមាន៖ ការដឹកជញ្ជូនទំនិញ (តាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹក) ការបញ្ជូនទំនិញ ការរៀបចំទំនិញបញ្ចូលឃ្លាំង សេវាកម្មដឹកជញ្ជូនទំនិញកញ្ចប់តូច និងសេវាកម្មអាករលើតម្លៃបន្ថែម។ អនុសាសន៍គោលនយោបាយរបស់របាយការណ៍នេះ អាចជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយកង្វះខាតនៃរចនាសម្ព័ន្ធនិងបទប្បញ្ញត្តិនៅក្នុងវិស័យនេះ។
របាយការណ៍ស្តីពីការពិនិត្យឡើងវិញពីអព្យាក្រឹតភាពនៃការប្រកួតប្រជែង លើសេវាកម្មដឹកជញ្ជូនកញ្ចប់តូច នៅប្រទេសកម្ពុជា គឺកំណត់នូវឧបសគ្គនៃបទប្បញ្ញត្តិនៅក្នុងវិស័យដឹកជញ្ជូនកញ្ចប់តូច ដែលការផ្លាស់ប្តូរអាចត្រូវបានធ្វើឡើង ដើម្បីជំរុញការប្រកួតប្រជែងតាមរយៈការបង្កើតទីលានប្រកួតប្រជែងដោយស្មើភាពរវាងប្រតិបត្តិករសាធារណៈនិងឯកជន។ ចំណុចនេះគឺមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសកម្ពុជាដែលមានសក្តានុពលគួរឱ្យកត់សម្គាល់ សម្រាប់ការអភិវឌ្ឍបន្ថែមទៀតលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលអាចចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច។
របាយការណ៍ទាំងនេះ គឺគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្តរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញដំណើរការតាក់តែងច្បាប់រហូតដល់ទទួលបាននូវការអនុម័តលើច្បាប់ស្តីពីការប្រកួតប្រជែងកម្ពុជានាពេលដ៏ខ្លីខាងមុខ ក៏ដូចជាគោលការណ៍នៃការប្រកួតប្រជែងដែលត្រូវយកមកពិចារណាបន្ថែមសម្រាប់ការធ្វើគោលនយោបាយសំខាន់នានា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពបត់បែននិងស្តារឡើងវិញ ក្នុងអំឡុងពេលនិងបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
របាយការណ៍ទាំងនេះ គឺជាផ្នែកមួយនៃគម្រោងរបស់អង្គការ OECD លើការជំរុញការប្រកួតប្រជែងក្នុងអាស៊ាន ក្រោមកិច្ចសហការរវាងអង្គការ OECD និងអាស៊ាន ដោយមានការគាំទ្រពីកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចអាស៊ាន របស់ការិយាល័យអភិវឌ្ឍន៍ ខូមិនវែល និងកិច្ចការបរទេសនៃចក្រភពអង់គ្លេស (រដ្ឋាភិបាលអង់គ្លេស)។ គម្រោងនេះ បានពិនិត្យឡើងវិញនូវឧបសគ្គនៃបទប្បញ្ញត្តិមកលើការប្រកួតប្រជែង នៅក្នុងប្រទេសសមាជិកអាស៊ានទាំង១០ ដើម្បីកំណត់បទប្បញ្ញត្តិដែលរារាំងដល់ប្រសិទ្ធភាពនៃដំណើរការទីផ្សារ និងបង្កើតទីលានប្រកួតប្រជែងដល់ធុរកិច្ច។
ឯកសារពាក់ព័ន្ធ៖ - ឯកសារនៃរបាយការណ៍ OECD: https://drive.google.com/drive/folders/1KIl9cAXO4d_gacLfF18NK4yRK3MR6UX9?usp=sharing
ចែករំលែក