(រាជធានីភ្នំពេញ)៖ រយៈពេល ២១ថ្ងៃគិតចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដែលសាលារាជធានីភ្នំពេញបានអនុវត្តនូវវិធានការបិទខ្ទប់ (តំបន់ក្រហម) ក្នុងគោលបំណងកាត់ផ្ដាច់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ដោយអង្កេតឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការស្វែងរកស្បៀងអាហារដើម្បីផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងក្រុមហ៊ុនហ្គ្រីនត្រេដ ជាសេនាធិការ បានរៀបចំនូវយុទ្ធនាការផ្គត់ផ្គង់ទំនិញជាគ្រឿងឧបភោគ បរិភោគជូនដល់ប្រជាពលរដ្ឋចំនួន ១១ ទីតាំង ដែលមាន ២៦ ស្ដង់ និងបានបិទបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ។
ជាមួយគ្នាផងដែរ អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការជាប្រចាំក្នុងការវិភាគគុណភាពអង្ករ និងត្រួតពិនិត្យមើលកាលបរិច្ឆេទប្រើប្រាស់ទំនិញជាមី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ដែលជាទំនិញយុទ្ធសាស្ត្រតាមវិធីសាស្រ្តជ្រើសគំរូដោយចៃដន្យ (Random Check) មុនពេលដឹកចេញពីឃ្លាំងដើម្បីលក់ចែកចាយ និងសម្រាប់ជាអំណោយជូនប្រជាពលរដ្ឋ។
គួររំលឹកផងដែរថា មកទល់ពេលនេះ អគ្គនាយកដ្ឋាន ក.ប.ប. បានត្រួតពិនិត្យលើទំនិញយុទ្ធសាស្ត្រសរុប៖ អង្ករចំនួន ២៣៥,០០០ការ៉ុង (ស្មើនឹង ៥,៨៧៥តោន) មី ៣៥,៦០០កេស ត្រីខកំប៉ុង ១៧,១៥៣កេស ទឹកស៊ីអ៊ីវ ១,០០០យួរ និងទឹកត្រី ៥,០០០យួរ មកហើយ៕
ចែករំលែក