CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

សាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកវីរុសជម្ងឺឆ្លង ប៉េស្រ្តអាហ្វិក (ASFV) ប្រមាណជិត២តោន ត្រូវបានមន្ត្រីជំនាញនាំយកទៅបំផ្លាញចោល បន្ទាប់ពីបង្ក្រាបបាន

24 ខែ​កុម្ភៈ, 2023

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក សរុបប្រមាណ១,៧៦០គីឡូក្រាម។ ការបំផ្លាញចោល នេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សម្រាមដែលស្ថិត នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក ប៊ុន ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ តំណាងឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
លោកអគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម និងដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះប្រតិបត្តិការ ត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផលសាច់សត្វស្រស់ បង្កក ជាច្រើនកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ គោលបំណងនៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកនូវវត្តមានសារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងរោគរាតត្បាតផ្សេងៗ និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន លក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងរក្សាស្តុកទុក សាច់ស្រស់ឬបង្កក និងផលិតផលសាច់។


លោកហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ បានអោយដឹងថា សាច់ជ្រូក និងសរីរាង្គជ្រូក មានផ្ទុកវីរុសជម្ងឺឆ្លង ប៉េសអាហ្រិកខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ទេ យោងតាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍វីរុសសាស្ត្រ នៃវិទ្យាស្ថានស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលនាំយកមកបំផ្លាញចោលនាពេលនេះ ត្រូវបាន សមត្ថកិច្ចចម្រុះ បង្ក្រាបបានក្នុងប្រតិបត្តិការចុះត្រួតពិនិត្យបណ្តាឃ្លាំងស្តុកសាច់ស្រស់ និងបង្កកនៅរាជធានីភ្នំពេញក្នុងរយៈពេលកន្លងមកនេះ។សាច់ទាំងនោះរួមមាន:

សាច់ជ្រូក និងសរីរាង្គជ្រូក ចំនួន៨៨ក្បាល ស្មើនឹង ១,៧៦០ គីឡូក្រាម ។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានលិខិតលេខ៤៣៨ សហវ.គសហ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសំណើចូលរួមសហការអនុវត្ត វិធានការត្រួតនិត្យសាច់ស្រស់ និងបង្កក ពិសេសសាច់និងផលិតផលពីសត្វជ្រូក ដើម្បីត្រួតពិនិត្យនូវហានិភ័យ នៃជម្ងឺឆ្លងផ្សេងៗ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់បទបញ្ជាដល់ មន្រ្តីក្រោមឱវាទរបស់ខ្លួន ឱ្យបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យនិងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន និងតម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផល សាច់សត្វ ស្រស់ បង្កក និងផលិតផល អំពីសត្វ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ដោយមានភ្ជាប់នូវវិញ្ញាបនបត្រ បញ្ជាក់គុណភាពពីប្រទេសនាំចេញ និងត្រូវគោរពនិង អនុវត្តតាមលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់និងដឹកជញ្ជូន ស្តុក រក្សាទុក រួមទាំងភាពអនុលោមទៅបទប្បញ្ញត្តិជាធរមានផ្សេងទៀតឱ្យបានត្រឹមត្រូវ ។

ចែករំលែក