(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានទទួលជួបលោកស្រី Rebekah Bell, តំណាង FAO ប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សា ការងារមួយចំនួនដែលពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។
ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល បានជម្រាបជូនតំណាង FAO ប្រចាំប្រទេសកម្ពុជា ពីស្ថានភាពទូទៅនៃប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជា ដែលជាប្រព័ន្ធពហុស្ថាប័ន ផ្អែកតាមអភិក្រម្យខ្សែចង្វាក់ផលិតកម្មបញ្ចូលគ្នា(Integrated Food Chain Approach) ដើម្បីធានាប្រសិទ្ធភាពនៃប្រព័ន្ធផ្គត់ផ្គង់ម្ហូបអាហារប្រកបដោយការទទួលខុសត្រូវ ពីគ្រប់ភាគីពាក់ព័ន្ធ។ តាមរយៈការអនុវត្តច្បាប់សុវត្ថិភាពនេះអគ្គនាយកដ្ឋានក.ប.ប. នឹងរៀបចំឱ្យមានយន្តការសម្របសម្រួលរវាងអន្តរស្ថាប័នដើម្បីធានាឱ្យមានលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធទៅនឹងបទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវនានាឱ្យបានគ្រប់គ្រាន់ប្រកបដោយកិច្ចសហការ តម្លាភាព និងបរិយាប័ន្ន។
លោកស្រី Rebekah Bell បានធ្វើការវាយតម្លៃខ្ពស់ដល់អគ្គនាយកដ្ឋាន ក.ប.ប. ដែលកន្លងមកបានសហការយ៉ាងល្អជាមួយ FAO ក្នុងការរៀបចំច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការចូលរួមអនុវត្តគម្រោងជំនួយបច្ចេកទេសនានា ប្រកបដោយលទ្ធផលជោគជ័យ។ លោកស្រីបានជម្រាបជូនអំពីកម្មវិធីបន្តដែល FAO ត្រូវរៀបចំពាក់ព័ន្ធទៅនឹងប្រព័ន្ធស្បៀង មានជាអាទិ៍ ទិវាស្បៀងពិភពលោក និង ទិវាជាតិអាហារូបត្ថម្ភដែលគ្រោងនឹងរៀបចំធ្វើឡើងនៅក្នុងខែតុលា ឆ្នាំ២០២២ក្រោមប្រធានបទ “អាហារមានសុវត្ថិភាពដើម្បីអាហារូបត្ថម្ភបានល្អប្រសើរ” ក៏ដូចជាគម្រោងអនុវត្តកម្មវិធីសុវត្ថិភាពបន្តបន្ទាប់ផ្សេងដូចជាការរៀបចំ សិក្ខាសាលាជាតិ ការលើកកម្ពស់ការផ្សព្វផ្សាយច្បាប់ និងកម្មវិធីពង្រឹងសមត្ថភាពរបស់ស្ថាប័ន។ល។ នៅក្នុងជំនួបពិភាក្សានេះ តំណាង FAO ប្រចាំប្រទេសកម្ពុជា បានរៀបចំពិធីប្រគល់សៀវភៅច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ដែលបានបោះពុម្ពរួចចំនួន ១០០០ ច្បាប់ ដល់អគ្គនាយកដ្ឋាន ក.ប.ប. សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយបន្ត ដល់គ្រប់ភាគីពាក់ព័ន្ធ។
ចែករំលែក