នៅក្នុងវេទិកានេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។
ថ្លែងក្នុងពិធីបើកក្នុងវេទិកានេះ ឯកឧត្ដម ផាន អូន បានលើកឡើងថា ការធ្វើធុរកិច្ចមិនសុចរិតបាននិងកំពុងក្លាយជាការព្រួយបារម្ភរបស់សកលលោក ដែលរួមបញ្ចូលទាំងការលួចនាំចូលនូវផលិតផលក្លែងក្លាយ ការគេចវេសកាតព្វកិច្ចបង់ពន្ធ ការចរាចរខុសច្បាប់នូវទំនិញ និងសេវាកម្ម ដែលនាំឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗខាតបង់នូវចំណូលពន្ធ រាប់ពាន់លានដុល្លារអាមេរិក ទន្ទឹមនឹងនោះផងដែរ ធុរកិច្ចជនសុចរិតត្រូវបានខាតបង់ប្រយោជន៍ ហើយជាពិសេសអ្នកប្រើប្រាស់ទទួលបាននូវទំនិញដែលមិនសមប្រកប។ ហេតុដូចនេះហើយ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាដាក់ប្រើជាផ្លូវការកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ការព្យាយាមកេងចំណេញ និងការអនុវត្តមិនសុចរិតនៅក្នុងទីផ្សាររបស់ធុរជនខិលខូចមួយចំនួន ក៏ដូចជាបង្កើនបរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌។ ក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តតួនាទីរបស់ខ្លួនតាមបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ តាមរយៈការសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនានា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ជូនដល់សាធារណជន និងធុរជននៅគ្រប់វិស័យ និងជាពិសេសប្រតិបត្តិការបង្រ្កាបនូវការចរាចរផលិតផលខូចគុណភាព ផលិតផលក្លែងបន្លំ និងរំលោភបំពានសិទ្ធិផ្តាច់មុខ។
នៅក្នុងវេទិកានេះ ក៏មានពិធីចុះអនុស្សរៈយោគយល់គ្នារវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ជាមួយនឹងសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ក្នុងគោលបំណងគឺសំដៅធានាឱ្យមានវិបុលភាពទៅអនាគត និងទាក់ទាញការវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេស និងការចែករំលែកនូវបទពិសោធន៍ រវាងអគ្គនាយកដ្ឋាន ក.ប.ប. និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham)។
ចែករំលែក