CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ស្តីពីកិច្ចការហាឡាលកម្ពុជា» នៅខេត្តសៀមរាប

22 ខែ​មិថុនា, 2022

េត្តសៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ស្តីពីកិច្ចការហាឡាលកម្ពុជា» នៅខេត្តសៀមរាប ដោយមានការចូលរួមជាអធិបតីពី លោក ស៊ិន ស៊ីដេត អគ្គនាយករង អគ្គនាយកដ្ឋាន ក.ប.ប. តំណាងរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិក នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងដោយសមាសភាពចូលរួមពីក្រុមឯកទេសផលិតផលហាឡាលកម្ពុជា មន្ទីរពាណិជ្ជកម្ម រដ្ឋបាលខេត្តសៀមរាប មន្ទីរជុំវិញខេត្ត ក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន សិប្បកម្ម និងនិស្សិត ប្រមាណជិត១០០នាក់។

សិក្ខាសាលានេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ក្នុងគោលបំណង ផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា បទប្បញ្ញត្តិពាក់ព័ន្ធ នីតិវីធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារហាឡាលកម្ពុជា ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកក្នុងការគ្រប់គ្រងកិច្ចការហាឡាល និងជំរុញការធ្វើពាណិជ្ជកម្មផលិតផលហាឡាលរបស់កម្ពុជា ជាពិសេស ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ០៥ឆ្នាំ (២០១៧-២០២២) ប្រទេសកម្ពុជាមានតែសហគ្រាស ក្រុមហ៊ុន ចំនួន១២៣ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារហាឡាលកម្ពុជា (បើគិតជាមុខទំនិញសរុបមានចំនួន ៨២៣មុខទំនិញ) ដែលជាចំនួនមួយតិចតួចនៅឡើយ ក្នុងន័យនេះសិក្ខាសាលាផ្សព្វផ្សាយ «ស្តីពីកិច្ចការហាឡាលកម្ពុជា» នាថ្ងៃនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារហាឡាលកម្ពុជា របស់សហគ្រាស ក្រុមហ៊ុន និងសេវាកម្ម ក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍របស់កម្ពុជា ក្នុងការទទួលភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរណ៍ដែលជាជនជាតិឥស្លាម។

ជាមួយគ្នានេះដែរ ទន្ទឹមនឹងការលើកទឹកចិត្តឱ្យមានការអភិវឌ្ឍផលិតផលហាឡាលនៅកម្ពុជា និងដើម្បីកសាងទំនុកចិត្ត ការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការធ្វើពាណិជ្ជកម្មផលិតផលហាឡាល និងសេវាកម្មហាឡាល ប្រកបដោយសមភាព និងសុចរិតភាព អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក៏មានតួនាទីសំខាន់ដែរក្នុងការ ស៊ើបអង្កេត ស្រាវជ្រាវ និងបង្រ្កាបការក្លែងបន្លំ នូវការប្រើប្រាស់ស្លាក/សញ្ញាហាឡាលកម្ពុជា ដែលមិនបានដាក់ពាក្យស្នើសុំត្រួតពិនិត្យវាយតម្លៃ និង/ឬពុំទទួលបានការអនុញ្ញាតពី គណៈកម្មាធិការ ត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» ។

ចែករំលែក