CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

អគ្គនាយកដ្ឋាន ក.ប.ប. បានកំទេចចោលអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៤០.៦២ តោន ដែលបានដកហូតពីទីផ្សារ

1 ខែ​មិថុនា, 2021

(រាជធានីភ្នំពេញ)៖ ស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជា ក៏ដូចជាសកលលោកកំពុងតែជួបប្រទះនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យើងសង្កេតឃើញថាមានឈ្មួញមួយចំនួនបានឆ្លៀតឱកាសកឹបកេងផលប្រយោជន៍ផ្ទាល់ខ្លួន ដោយយកអាល់កុលប្រភេទមេតាណុលមកក្លែងបន្លំជាប្រភេទអាល់កុលអេតាណុលដែលជាអាល់កុលសម្រាប់សម្លាប់មេរោគ មកលក់ជូនប្រជាពលរដ្ឋប្រើប្រាស់។

កន្លងមក អគ្គនាយកដ្ឋាន ក.ប.ប. បានចុះឃ្លាំពិនិត្យតាមបណ្ដាទីផ្សារ ឱសថស្ថាន និងឃ្លាំងស្តុកនានាយ៉ាងម៉ត់ចត់ ពិសេសលើផលិតផលអាល់កុលបាញ់សម្លាប់មេរោគតាមការណែនាំរបស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ក.ប.ប. ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ជាក់ស្ដែងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៤០.៦២ តោន ត្រូវបានមន្ត្រីជំនាញ រកឃើញ និងដកហូតពីទីផ្សារកន្លងមក។ គួររំលឹកផងដែរថា មកទល់ពេលនេះ អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៤០ តោន ហើយដែលត្រូវបានមន្ត្រីជំនាញ ក.ប.ប. នាំយកមកកំទេចចោល ដោយមានការអនុ​​​​​​​​​​​​​​​​​​ញ្ញាតពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនដែលជាអាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាព ដោយគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្ពស់ជាងផលចំណេញរបស់ខ្លួន៕

ចែករំលែក