នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំសិក្ខាសាលាស្ដីពីច្បាប់ស្ដីពី «សុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ជូនដល់លោកជំទាវ ឧកញ៉ា លោក លោកស្រីប្រធានមន្ទីរ ម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងធុរជនលក់ស្រាស ស្រាថ្នាំក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ប្រមាណ ៥១៥នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកស៊ិន ស៊ីដេត អគ្គនាយករង ក.ប.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងសហការីជាច្រើននាក់។
សិក្ខាសាលានេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹងដល់ស្ថាប័នអនុវត្តច្បាប់ និងធុរជនផលិតស្រាស ស្រាថ្នាំឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស ចៀសវាងការបង្កឱ្យមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដោយសារកន្លងមកអគ្គនាយកដ្ឋានបានសង្កេតឃើញថាមានករណីពុលស្រាស ស្រាថ្នាំជាច្រើនករណី នៅតាមបណ្ដាខេត្ត ហើយករណីខ្លះធ្វើឱ្យបាត់បង់អាយុជីវិតទៀតផង។
បន្ទាប់ពីសិក្ខាសាលានេះ អគ្គនាយកដ្ឋានបន្តជឿជាក់ថាម្ចាស់អាជីវកម្មផលិតស្រាគ្រប់ប្រភេទនឹងមានការយល់ដឹងកាន់តែច្បាស់អំពីការផលិតស្រាឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស ជាពិសេសនឹងបង្ការប្រជាពលរដ្ឋពីការពុលស្រាគ្រប់ប្រភេទ៕
ចែករំលែក