(ខេត្តសៀមរាប)៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីកិច្ចពិភាក្សាគោលនយោបាយច្បាប់ ក្រោមប្រធានបទ “ការលើកកម្ពស់បរិយាប័នហិរញ្ញវត្ថុ និងការធ្វើធុរកិច្ចដោយស្មើភាព (Policy Dialogue: Promoting Financial Inclusion and Fair Trade)”។ កិច្ចពិភាក្សាខាងលើត្រូវបានរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចអ៊ឺរ៉ុប-អាស៊ាន (EU- ASEAN Business Council) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន២០២២។ កិច្ចពិភាក្សាខាងលើនឹងដើរតួជាវេទិការមួយក្នុងការដែលផ្តល់ឱកាសជូនថ្នាក់ដឹកនាំនៃស្ថាប័នអនុវត្តច្បាប់ និងធុរជននៃបណ្តាក្រុមហ៊ុននានាដែលមានប្រភពមកពីសហគមន៍អ៊ឺរ៉ុប បានជួបពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានាដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងកិច្ចការពារអ្នកប្រើប្រាស់។ ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានចូលរួមធ្វើបទអន្តរាគមន៍ និងពិភាក្សាលើប្រធានបទ “កិច្ចការពារអ្នកប្រើប្រាស់ និងការលើកកម្ពស់ការធ្វើធុរកិច្ចដោយស្មើភាព”
ចែករំលែក