(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម និងស្នាក់ការកណ្ដាលអគ្គនាយកដ្ឋាន ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី បានអញ្ជើញចូលរួមធ្វើបទបង្ហាញពីស្ដីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងមូលដ្ឋានគាំទ្រក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិនានារបស់អគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ។
ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានធ្វើការកោតសរសើរដល់អគ្គនាយកដ្ឋាន ក.ប.ប. ជាពិសេសឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ក.ប.ប. ដែលបានដឹកនាំការងារ ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ បានយ៉ាងច្រើនសម្រាប់មន្រ្តីជំនាញអនុវត្តការងារប្រចាំថ្ងៃ ព្រមទាំងការកសាងនូវអគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូច នៅតាមបណ្ដារាជធានី ខេត្ត។ លោកជំទាវរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍មួយចំនួនដល់អគ្គនាយកដ្ឋាន ក.ប.ប. ការរៀបចំធ្វើជាវីដេអូឃ្លីបតូចៗពាក់ព័ន្ធនឹងច្បាប់ដែលមានជាធរមាន ដើម្បីបញ្រ្ជាបដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់បានយល់កាន់តែច្បាស់ ផងដែរ៕
ចែករំលែក