(ខេត្តបាត់ដំបង)៖ នៅថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ក្រោមអធិបតីភាពឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក ពេជ ច័ន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ជាតំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពី ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី ជាប្រធានមន្ទីរ ស្ថាប័នក្នុងខេត្ត និងលោក លោកស្រីម្ចាស់ស្ថានីយ និងដេប៉ូផ្គត់ផ្គង់ប្រេងឥន្ទនៈ ក្នុងខេត្តបាត់ដំបង។
ក្នុងវគ្គផ្សព្វផ្សាយនេះ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើបទបង្ហាញអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ដើម្បីឱ្យលោក លោកស្រី ម្ចាស់ស្ថានីយ និងដេប៉ូផ្គត់ផ្គង់ប្រេងឥន្ធនៈ បានយល់ច្បាស់អំពីច្បាប់ ដែលមានអ្នកចូលរួម សរុបចំនួន ១២៩នាក់ និងមានការលើកឡើងនូវសំណួរជាច្រើនពីម្ចាស់ស្ថានីយ និងដេប៉ូផងដែរ។
វគ្គផ្សព្វផ្សាយនេះបង្កើតឡើង ក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖
-ធានាឱ្យមានការអនុវត្តអាជីវកម្មចែកចាយប្រេងឥន្ទនៈប្រកបដោយសុចរិត និងស្មើភាព
-លើកកម្ពស់ការប្រកួតប្រជែង ស្មោះត្រង់
-ធានាទីផ្សារក្នុងស្រុកប្រកបដោយទំនុកចិត្តពីអ្នកប្រើប្រាស់
-មិនមែនជាការដាក់បន្ទុកដល់វិស័យឯកជន
-អនុវត្តច្បាប់ចំពោះអ្នកបំពាន តាមរយៈការពិន័យអន្តរការណ៍ ឬវិធានការតុលាការក្នុងករណីមិនរាងចាល៕
ចែករំលែក