(ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារសាមគ្គី និងផ្ទះលក់ទំនិញជុំវិញផ្សារ ក្នុងខេត្តស្ទឹងត្រែង។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។
* ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-ទឹកទំពាំងបាយជូរ ៦ដប ស្មើនឹង ១គីឡូក្រាម
-ទឹកក្រូចដបធំ ២១ដប ស្មើនឹង ៣៥គីឡូក្រាម
-ទឹកត្រី ៦ដប ស្មើនឹង ៦គីឡូក្រាម
-ស្រាបៀដប ២១ដប ស្មើនឹង ៣គីឡូក្រាម
-ភេសជ្ជៈ ៩កេស និង១៤យួរ ស្មើនឹង ១០៤គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ១៥៩គីឡូក្រាម។
បន្ទាប់មកមន្ត្រីសាខាបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
ចែករំលែក