CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

ការងារអន្តរជាតិលើកិច្ចការប្រកួតប្រជែង

ការងារអន្តរជាតិលើកិច្ចការប្រកួតប្រជែង

រាជធានី​ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩, សន្និសីទ​ប្រកួត​ប្រជែង​អាស៊ាន​លើកទី៨ (8thACC) បាន​ប្រព្រឹត្តិឡើង​នៅថ្ងៃទី១៤-១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នាទីក្រុង​ភ្នំពេញ​ ព្រះរាជណាចក្រកម្ពុជា។ ប្រធាន​បទ​នៃ​សន្និសីទ​ឆ្នាំ​នេះគឺ «ការ​ឈាន​ដល់​ការ​កំណត់គោលដៅ​សំខាន់ៗ និង​ការដោះ​ស្រាយនូវ​បណ្តា​បញ្ហា​ប្រឈម​» ដែល​ជាឱកាស​នៃការ​ពិភាក្សាចែក​រំលែក​រវាង​គ្នា​នូវ​បញ្ហា​នានា​ទាក់​ទង​នឹង​កិច្ច​ការ​ប្រកួតប្រជែង ជាពិសេសបញ្ហាដែល​ទាក់​ទងនឹង​បដិវដ្តឧស្សាហកម្មជំនាន់ទី៤ ដែល​ជំរុញ​ឱ្យ​ភ្នាក់​ងារប្រកួត​ប្រជែង​កែលំអ​យន្តការ​នៃការ​អនុវត្ត​របស់​ពួកគេ​ស្រប​តាមការ​វិវត្តនៃបច្ចេកវិទ្យា (សេដ្ឋកិច្ច​ឌីជីថល) ការ​អនុវត្តនូវ​ទំលាប់​ល្អដែល​ធ្លាប់​មាន​ ក៏ដូច​ជាការ​បង្កើត​ឡើងនូវ​វេទិការនៃការពិភាក្សា ការ​បង្កើត​ទំនាក់​ទំនងឱ្យ​កាន់​តែ​ជិតស្និតបន្ថែម​ទៀត​​រវាង​ស្ថាប័ន​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្តាសហគ្រិននានា។

ឯកឧត្តម​ ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រ​សួង​ពាណិជ្ជកម្មកម្ពុជាបានមាន​ប្រសាសន៍ក្នុង​សន្ទរកថាបើក​កម្មវិធីថា សន្និសីទនាពេល​នេះ បាន​ប្រារព្ធឡើងក្នុង​ពេល​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ភាគច្រើន​មាន​ច្បាប់ស្តីពីការ​ប្រកួត​ប្រជែង ស្របពេល​ដែល​កម្ពុជា​បាន​នឹង​កំពុង​ស្ថិតក្នុង​ដំណាក់​កាល​ចុងក្រោយការ​បង្កើតច្បាប់ស្តីពីការ​ប្រកួតប្រជែងរបស់​ខ្លួន។ លោក​បាន​បន្ថែម​ថា សន្និសីទ​ប្រកួត​ប្រជែង​អាស៊ាន​លើកទី​៨នេះ ក៏ជាការ​អបអរសាទរនៃកិច្ច​ខិតខំប្រឹងប្រែង​របស់​ប្រទេស​ជាសមាជិក​ទាំងក្នុង​ការ​ធ្វើ​សេចក្តីព្រាង​និង​ការ​អនុវត្ត​គោល​នយោបាយ​ប្រកួត​ប្រជែងអាស៊ាន និង​បានផ្តល់​ឱកាសឱ្យ​ពួក​គេអាច​កំណត់​និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈមទាំងនោះនាពេល​អនាគត។ ឯកឧត្តមរដ្ឋមន្ត្រី បាន​សង្កត់​ធ្ងន់​អំពី​សារសំខាន់​នៃ​ច្បាប់​ស្តីពីការប្រកួត​ប្រជែង​ ដែល​បាន​ចូល​រួមចំណែក​ក្នុង​​កិច្ចការ​ងារ​អភិវឌ្ឍន៍សេដ្ឋកិច្ច​ជាតិ​ក្នុង​រូប​ភាព​នៃ​ការ​ផ្តល់​នូវបរិយាកាសពាណិជ្ជកម្មស្មើភាពដែលជា​កាតាលិករដ៏មាន​ប្រសិទ្ធភាពក្នុងការ​ទាក់​ទាញ​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​ចូល​មក​ធ្វើការ​វិនិយោគនៅកម្ពុជា។

ឯកឧត្តម​ Robert Matheus Michael Tene អគ្គ​លេខាធិការរង​សម្រាប់​សហគមន៍អាស៊ាននិងកិច្ច​ការ​សារជីវកម្ម​ (CCA) បាន​លើក​ឡើង​អំពី​ការ​អនុវត្ត​ផែនការ​សហគមន៍សេដ្ឋកិច្ច​អាស៊ាន (AEC) ២០២៥ និងការ​អភិវឌ្ឍគោលនយោបាយនិង​ច្បាប់​ស្តីពីការប្រកួត​ប្រជែងរបស់​អាស៊ាន។ ប្រទេសជាសមាជិក​ចំនួន ០៩ (ប្រាំបួន) ត្រូវបាន​អនុម័ត​ទៅលើច្បាប់​ស្តីពីការប្រកួត​ប្រជែង​ ដែល​កម្ពុជា​បាន​និង​កំពុង​ស្ថិត​ក្នុង​​ដំណាក់​ការ​នៃ​ការ​អនុម័ត​ច្បាប់ស្តីពីការប្រកួត​ប្រជែង​របស់​ខ្លួននាពេល​ឆាប់ៗនេះ ដោយ​នាំ​មក​នូវ​ប្រទេសជាសមាជិក​ទាំង​អស់​មាន​ច្បាប់​ស្តីពីការប្រកួត​ប្រជែងដែល​បាន​គ្រោង​ក្នុង​ផែនការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (AEC) ២០២៥។

ឯកឧត្តម​ គឹម មាសសុខសីហា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូលកម្ពុជា បាន​លើកឡើងថា ទោះ​បីកម្ពុជា​មិនទាន់​បាន​អនុវត្តច្បាប់ស្តីពីការ​ប្រកួត​ប្រជែង​ក្តី តែ​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​ បាននឹង​កំពុង​អនុវត្ត​សកម្មភាព​តស៊ូមតិ ផ្សព្វផ្សាយជាច្រើន​បន្តបន្ទាប់​ទៅកាន់​ក្រុមអ្នក​ពាក់ព័ន្ធ​ទាំងឡាយ​ (សមាគមន៍ពាណិជ្ជកម្ម ភ្នាក់ងារ/ស្ថាប័ន​រដ្ឋាភិបាល​ សហគ្រាស​ដែល​ជារបស់​រដ្ឋ (SOEs) និងតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយ​តាមគ្រប់រូបភាព) ក្នុង​ប្រទេស អំពីសារសំខាន់នៃ​ច្បាប់ស្តីពីការ​ប្រកួត​ប្រជែង ដែល​នាំ​មក​នូវ​បរិយាកាស​ប្រកួត​ប្រជែងស្នើភាព​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម/ធុរកិច្ច​ក្នុង​ព្រះរាជណាចក្រកម្ពុជា​។ សន្និសីទ​ប្រកួត​ប្រជែង​អាស៊ាន​លើកទី៨ (8thACC) បាន​រៀប​ចំឡើង​ដោយ​​ក្រសួង​ពាណិជ្ជកម្មនៃ​ព្រះជាណាចក្រកម្ពុជា​ និង​សហការ​រៀបចំរួមដោយ​ ក្រុម​អ្នក​ជំនាញការ​ប្រកួត​ប្រជែង​អាស៊ាន (AEGC) លេខាធិការដ្ឋាន​អាស៊ាន និង​ទីភ្នាក់​ងារ​កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង (GIZ)។

គោលនយោបាយគាំទ្រការប្រកួតប្រជែងសម្រាប់វិស័យភស្តុភារកម្មរបស់ប្រទេសកម្ពុជាអាចជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការកាត់បន្ថយ​ឧបសគ្គនៃបទប្បញ្ញត្តិនិងបង្កើនប្រសិទ្ធភាព

រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០២១

អគ្គនាយកដ្ឋាន​ការពារអ្នក​ប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការក្លែង​បន្លំ «ក.ប.ប.» នៃ​ក្រសួងពាណិជ្ជកម្ម ដោយ​មានកិច្ច​សហការ​ជាមួយ​អង្គការ​ OECD និង​លេខាធិការដ្ឋានអាស៊ាន បាន​ធ្វើការ​រៀបចំនូវ​ព្រឹត្តិការណ៍នៃ ការ​ប្រកាស​ជាផ្លូវការ​នូវរបាយការណ៍​ស្តីពីការ​ពិនិត្យ​វាយតម្លៃ​លើ​ការ​ប្រកួតប្រជែងចំពោះ​ច្បាប់ និង​បទប្បញ្ញត្តិ​ក្នុងវិស័យ​ភស្តុភារនៅកម្ពុជា និងការ​ពិនិត្យអព្យាក្រឹត​ភាព​នៃ​ការ​ប្រកួត​ប្រជែងលើសេវាកម្មដឹក​ជញ្ជូន​កញ្ចប់​តូច​នៅកម្ពុជា។ ព្រឹត្តិការណ៍នេះ បាន​ប្រព្រឹត្តិឡើង​តាម​រយៈប្រព័ន្ធអនឡាញ​ (Zoom)

របាយការណ៍ថ្មីចំនួន ២(ពីរ) ត្រូវបានប្រកាសជា​ផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃ​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកជំទាវ Tina Redshaw ឯកអគ្គរាជ​ទូត​ចក្រភព​អង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ តំណាង​អង្គការ OECD តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន​មួយចំនួនដែលពាក់​ព័ន្ធ​នឹង​វិស័យ​ភស្តុភារ​កម្ម​នៅ​ប្រទេសកម្ពុជា ដែលរបាយការណ៍ទាំងនោះ រួមមាន (១). ការ​ពិនិត្យ​វាយតម្លៃលើ​ការ​ប្រកួតប្រជែង ដោយ​អង្គការសម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​និង​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច (OECD)​៖ វិស័យ​ភស្ដុភារកម្ម​នៅប្រទេសកម្ពុជា  និង (២). ការពិនិត្យឡើង​វិញ​​ពី​អព្យា​ក្រឹត​ភាព​​នៃការប្រកួតប្រជែង ដោយអង្គការសម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​​និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD)សេវាកម្មដឹក​ជញ្ជូន​កញ្ចប់​តូច​នៅប្រទេសកម្ពុជា។ របាយការណ៍​ទាំង​ពីរ​នេះ​បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយ​គាំទ្រ​ការ​ប្រកួតប្រជែង អាចជួយ​ដល់វិស័យ​ភស្តុភារ​កម្ម​របស់​ប្រទេស​កម្ពុជាឱ្យរីកចម្រើន និងនាំ​មកនូ​វ​កា​រ​ស្តា​រ​ឡើងវិ​ញ​នៃ​សេដ្ឋកិច្ច​ដែល​បានរងផល​ប៉ះពាល់ពី​ការរីក​រាលដាល​នៃ​ជំងឺកូវីដ-១៩។

នៅឆ្នាំ២០១៩ ទីផ្សារដឹកជញ្ជូននិងស្តុកទំនិញនៅប្រទេសកម្ពុជាមានតម្លៃ ២,១ ពាន់លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែលស្មើនឹងប្រមាណ ៨% នៃសេដ្ឋកិច្ចជាតិ។ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៩៨ ក្នុង​ចំណោម ១៦០​ប្រទេស នៅក្នុងសន្ទស្សន៍ការអនុវត្តការដឹកជញ្ជូនជាសកលរបស់ធនាគារពិភពលោក (World Bank)។ ដូច្នេះ​ ដើម្បីឱ្យវិស័យដឹកជញ្ជូនមានការគាំទ្របន្ថែមទៅលើសេដ្ឋកិច្ច ហេដ្ឋារចនា​សម្ព័ន្ធ​លើវិស័យភស្តុភារកម្មក្នុងប្រទេស​​​កម្ពុជាត្រូវមានការកែលម្អបន្ថែមទៀត ហើយការ​កែលម្អ​នេះ​នឹងជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​​កម្ពុជា​ទាំង​មូលផងដែរ។

នៅឆ្នាំ២០២០ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានធ្លាក់ចុះប្រមាណ ៣% ដោយសារការរីករាលដាលនៃជំងឺកូវីដ​-១៩ ដែលសកម្មភាពសេដ្ឋកិច្ចសំខាន់ៗ ដូចជា ការនាំចេញ និងទេសចរណ៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយ​​សារការបិទព្រំដែននិងការធ្លាក់ចុះនៃពាណិជ្ជកម្ម។ ភស្តុភារកម្មនិងការធ្វើពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ជាចំណុចស្នូលនៃការធ្វើពាណិជ្ជកម្ម ហើយ​ក៏ជាការចំណាយដ៏សំខាន់​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ផងដែរ។

អនុសាសន៍ដែលបានលើកឡើងនៅក្នុងរបាយការណ៍របស់អង្គការ OECD អាច​ជួយ​ដល់ការបង្កើត​បទ​ប្បញ្ញត្តិ​​នានាសម្រាប់គាំទ្រដល់ការប្រកួតប្រជែង។ បទប្បញ្ញត្តិ​ដែលគាំ​ទ្រដ​ល់​ការ​ប្រ​កួតប្រជែង ​គឺអាច​កាត់​បន្ថយ​ការ​ចំណាយក្នុងការធ្វើធុរកិច្ច អនុញ្ញាតឱ្យចូលទីផ្សារ និងលើកទឹកចិត្ត​ឱ្យមានការ​វិនិយោគ​ក្នុង​ស្រុក​និងបរទេស​ជំរុញ​ផលិតភាពនិងតម្លៃទាបសម្រាប់អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់។ ដោយ​ផ្តោត​សំខាន់​លើ​សេ​វា​កម្ម​ដឹកជញ្ជូន អនុសាសន៍ទាំងនេះ អាចមានឥទ្ធិពលនិងផលចំណេញដល់​សេដ្ឋកិច្ច​សម្រាប់​អ្នកប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា។

របាយការណ៍ស្តីពីការពិនិត្យវាយតម្លៃលើការប្រកួតប្រជែងនៃវិស័យភស្តុភារកម្មនៅប្រទេសកម្ពុជា គឺ​ធ្វើកា​រ​វាយ​តម្លៃ​ផលប៉ះពាល់នៃបទប្បញ្ញត្តិលើការប្រកួតប្រជែងនៅក្នុងវិស័យនេះ ដែលគ្របដណ្តប់​ ៥(ប្រាំ)ផ្នែក​​សំខាន់ៗ​នៃ​ទីផ្សារភស្តុភារកម្ម រួមមាន៖ ការដឹកជញ្ជូនទំនិញ (តាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹក) ការ​បញ្ជូន​ទំនិញ ការ​រៀបចំ​ទំនិញបញ្ចូលឃ្លាំង សេវាកម្មដឹកជញ្ជូនទំនិញកញ្ចប់តូច និងសេវាកម្ម​អាករ​លើ​តម្លៃ​បន្ថែម។ អនុសាសន៍​គោលនយោបាយរបស់របាយការណ៍នេះ​ អាចជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងកា​រ​ដោះស្រាយ​កង្វះខាត​នៃ​រចនា​សម្ព័ន្ធ​និងបទប្បញ្ញត្តិនៅក្នុងវិស័យនេះ។

របាយការណ៍ស្តីពីការពិនិត្យឡើងវិញពីអព្យាក្រឹតភាពនៃការប្រកួតប្រជែង លើសេវាកម្មដឹកជញ្ជូនកញ្ចប់តូច នៅប្រទេសកម្ពុជា គឺកំណត់នូវឧបសគ្គនៃបទប្បញ្ញត្តិនៅក្នុងវិស័យដឹកជញ្ជូនកញ្ចប់តូច ដែលកា​រផ្លាស់​ប្តូរ​អាច​ត្រូវបានធ្វើឡើង ដើម្បីជំរុញការប្រកួតប្រជែងតាមរយៈការបង្កើតទីលានប្រកួតប្រជែងដោយស្មើភាពរវាង​ប្រតិ​បត្តិករ​សាធារណៈនិងឯកជន។ ចំណុចនេះគឺមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសកម្ពុជា​ដែលមាន​សក្តានុពលគួរឱ្យកត់សម្គាល់​ សម្រាប់ការអភិវឌ្ឍបន្ថែមទៀតលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែល​អាចចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច។

របាយការណ៍ទាំងនេះ គឺគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្តរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញ​ដំណើរ​ការ​តាក់តែង​ច្បាប់​រហូតដល់ទទួលបាននូវការអនុម័តលើច្បាប់ស្តីពីការប្រកួតប្រជែងកម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខ ក៏​ដូច​ជាគោលការណ៍​នៃការប្រកួតប្រជែងដែល​ត្រូវ​យកម​ក​ពិ​ចារណា​បន្ថែមសម្រាប់​ការ​ធ្វើ​គោល​នយោបាយសំខាន់នានា​ ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកាន់តែមានភាពបត់បែននិង​ស្តារឡើងវិញ ក្នុងអំឡុង​ពេល​និង​បន្ទាប់​ពី​វិ​ប​ត្តិជំងឺ​កូវីដ-១៩។

របាយការណ៍ទាំងនេះ គឺជាផ្នែកមួយនៃគម្រោងរបស់អង្គការ OECD លើការជំរុញ​ការប្រកួត​ប្រជែង​ក្នុង​អាស៊ាន ក្រោមកិច្ចសហការរវាងអង្គការ OECD និងអាស៊ាន ដោយមានការគាំទ្រ​ពីកម្មវិ​ធី​កំណែ​ទម្រ​ង់​សេដ្ឋកិច្ច​អាស៊ាន របស់ការិយាល័យអភិវឌ្ឍន៍ ខូមិនវែល និងកិច្ចការបរទេសនៃចក្រភពអង់គ្លេស (រដ្ឋាភិបាលអង់គ្លេស)។ ​គម្រោងនេះ​ បានពិនិត្យឡើងវិញនូវឧបសគ្គនៃបទប្បញ្ញត្តិមកលើការ​ប្រកួតប្រជែង ​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​ ដើម្បីកំណត់បទប្បញ្ញត្តិដែលរារាំងដល់​ប្រសិទ្ធភាព​នៃ​ដំណើរ​ការទីផ្សារ និង​បង្កើត​ទីលាន​ប្រកួត​ប្រជែង​ដល់​ធុរកិច្ច។

ឯកសារ​ពាក់ព័ន្ធ៖

- ឯកសារ​នៃ​របាយការណ៍ OECD:

https://drive.google.com/drive/folders/1KIl9cAXO4d_gacLfF18NK4yRK3MR6UX9?usp=sharing

ចែករំលែក