រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សន្និសីទប្រកួតប្រជែងអាស៊ានលើកទី៨ (8thACC) បានប្រព្រឹត្តិឡើងនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នាទីក្រុងភ្នំពេញ ព្រះរាជណាចក្រកម្ពុជា។ ប្រធានបទនៃសន្និសីទឆ្នាំនេះគឺ «ការឈានដល់ការកំណត់គោលដៅសំខាន់ៗ និងការដោះស្រាយនូវបណ្តាបញ្ហាប្រឈម» ដែលជាឱកាសនៃការពិភាក្សាចែករំលែករវាងគ្នានូវបញ្ហានានាទាក់ទងនឹងកិច្ចការប្រកួតប្រជែង ជាពិសេសបញ្ហាដែលទាក់ទងនឹងបដិវដ្តឧស្សាហកម្មជំនាន់ទី៤ ដែលជំរុញឱ្យភ្នាក់ងារប្រកួតប្រជែងកែលំអយន្តការនៃការអនុវត្តរបស់ពួកគេស្របតាមការវិវត្តនៃបច្ចេកវិទ្យា (សេដ្ឋកិច្ចឌីជីថល) ការអនុវត្តនូវទំលាប់ល្អដែលធ្លាប់មាន ក៏ដូចជាការបង្កើតឡើងនូវវេទិការនៃការពិភាក្សា ការបង្កើតទំនាក់ទំនងឱ្យកាន់តែជិតស្និតបន្ថែមទៀតរវាងស្ថាប័នប្រកួតប្រជែងជាមួយនឹងបណ្តាសហគ្រិននានា។
ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ក្នុងសន្ទរកថាបើកកម្មវិធីថា សន្និសីទនាពេលនេះបានប្រារព្ធឡើងក្នុងពេលដែលប្រទេសជាសមាជិកអាស៊ានភាគច្រើនមានច្បាប់ប្រកួតប្រជែង ស្របពេលដែលកម្ពុជាបាននឹងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយការបង្កើតច្បាប់ប្រកួតប្រជែងរបស់ខ្លួន។ លោកបានបន្ថែមថា សន្និសីទប្រកួតប្រជែងអាស៊ានលើកទី៨នេះ ក៏ជាការអបអរសាទរនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិកទាំងក្នុងការធ្វើសេចក្តីព្រាងនិងការអនុវត្តគោលនយោបាយប្រកួតប្រជែងអាស៊ាន និងបានផ្តល់ឱកាសឱ្យពួកគេអាចកំណត់និងដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារសំខាន់នៃច្បាប់ប្រកួតប្រជែង ដែលបានចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្នុងរូបភាពនៃការផ្តល់នូវបរិយាកាសពាណិជ្ជកម្មស្មើភាពដែលជាកាតាលិករដ៏មានប្រសិទ្ធិភាពក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិចូលមកធ្វើការវិនិយោគនៅកម្ពុជា។
ឯកឧត្តម Robert Matheus Michael Tene អគ្គលេខាធិការរងសម្រាប់សហគមន៍អាស៊ាននិងកិច្ចការសារជីវកម្ម (CCA) បានលើកឡើងអំពីការអនុវត្តផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ២០២៥ និងការអភិវឌ្ឍគោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែងរបស់អាស៊ាន។ ប្រទេសជាសមាជិកចំនួន ០៩ (ប្រាំបួន) ត្រូវបានអនុម័តទៅលើច្បាប់ស្តីពីការប្រកួតប្រជែង ដែលកម្ពុជាបាននឹងកំពុងស្ថិតក្នុងដំណាក់ការនៃការអនុម័តច្បាប់ស្តីពីការប្រកួតប្រជែងរបស់ខ្លួននាពេលឆាប់ៗនេះដោយនាំមកនូវប្រទេសជាសមាជិកទាំងអស់មានច្បាប់ស្តីពីការប្រកួតប្រជែង ដែលបានគ្រោងក្នុងផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ២០២៥។
ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជា បានលើកឡើងថា ទោះបីកម្ពុជាមិនទាន់បានអនុវត្តច្បាប់ប្រកួតប្រជែងក្តី តែអគ្គនាយកដ្ឋានកាំកុងត្រូល បាននឹងកំពុងអនុវត្តសកម្មភាពតស៊ូមតិ ផ្សព្វផ្សាយជាច្រើនបន្តបន្ទាប់ទៅកាន់ក្រុមអ្នកពាក់ព័ន្ធទាំងឡាយ (សមាគមន៍ពាណិជ្ជកម្ម ភ្នាក់ងារ/ស្ថាប័នរដ្ឋាភិបាល សហគ្រាសដែលជារបស់រដ្ឋ (SOEs) និងតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយតាមគ្រប់រូបភាព) ក្នុងប្រទេសអំពីសារសំខាន់នៃច្បាប់ស្តីពីការប្រកួតប្រជែង ដែលនាំមកនូវបរិយាកាសប្រកួតប្រជែងស្នើភាពក្នុងការធ្វើពាណិជ្ជកម្ម/ធុរកិច្ចក្នុងព្រះរាជណាចក្រកម្ពុជា។ សន្និសីទប្រកួតប្រជែងអាស៊ានលើកទី៨ (8thACC) បានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មនៃព្រះជាណាចក្រកម្ពុជា និងសហការរៀបចំរួមដោយក្រុមអ្នកជំនាញការប្រកួតប្រជែងអាស៊ាន (AEGC) លេខាធិការដ្ឋានអាស៊ាន និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង (GIZ)។
ចែករំលែក