CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦

15 ខែ​កញ្ញា, 2021

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងលោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធាន
គណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនិងដំណើរការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ទាំងបីខាងលើ ដោយក្នុងនោះគណៈកម្មការទី២ ពិនិត្យទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) និងគណៈកម្មការទី៩នៃរដ្ឋសភា សហការជាមួយគណៈកម្មការទី៥ ពិនិត្យទៅលើ
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-
រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ហើយបានគូសបញ្ជាក់ថា ការស្នើសុំអនុម័តលើសេចក្តីព្រាងច្បាប់ទាំងបីនេះបានបំពេញត្រឹមត្រូវតាមបទបញ្ញត្តិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា បានគោរពរាយការណ៍ជូនអង្គប្រជុំ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនូវគោលនយោបាយ និងអាណិត្តប្រគល់ជូនដោយរាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពកម្ពុជា សំដៅបន្តសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ជាពិសេសក្រោមផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល នៃចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីអំពី
អត្ថប្រយោជន៍ និងសារៈសំខាន់នៃសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងជាពិសេសការចូលរួមសហការគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ ដែលជាយន្តការដ៏សំខាន់ ក្នុងការធ្វើពិពិធកម្មទីផ្សារនិងលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទាំងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្របខ័ណ្ឌតំបន់ ។

អង្គប្រជុំបានសម្តែងការកោតសរសើរចំពោះក្រសួងពាណិជ្ជកម្ម និងក្រុមការងារចរចាអន្តរក្រសួង-ស្ថាប័នដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានខិតខំកសាងច្បាប់និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្មសំដៅធ្វើឱ្យប្រសើរ
ទ្បើងបរិយាកាសធុរកិច្ច និងជាពិសេសការខិតខំប្រឹងប្រែងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរខាងលើ ប្រកបដោយជោគជ័យស្របតាមអាណត្តិផ្តល់ជូនដោយប្រមុខរាជរដ្ឋាភិបាល។

ជាលទ្ធផល ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក អង្គប្រជុំបានអនុម័តយល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំទាំងមូលដែលបានអនុម័តយល់ព្រម និងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់ទាំងបីនេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសនិងចូលរួមយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ច-សង្គមក្នុងវិបត្តិកូវីដ-១៩ នេះ។ ឯកឧត្តមរដ្ឋមន្ត្រី

ចែករំលែក