(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដោយទទួលបានកិច្ចសហការពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងសភាពាណិជ្ជកម្មកម្ពុជា(CCC) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពីការផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌៖សុខុមាលភាពរបស់អ្នកប្រើប្រាស់ និងធុរកិច្ចរបស់លោកអ្នក»។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងមានការចូលរួមដោយឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការដែលជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកនៃ គ.ជ.ក.ប. អ្នកឧកញ៉ា លោកឧកញ៉ា ដែលជាប្រធាន អនុប្រធាន និងសមាជិកសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
គោលបំណងនៃការរៀបចំសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីចែករំលែកចំណេះដឹងអំពីខ្លឹមសារនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដោយកំណត់អំពីកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់ធុរកិច្ច ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសុខុមាលភាពរបស់អ្នកប្រើប្រាស់។
ក្នុងឱកាសនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមប្រធាន គ.ជ.ក.ប. បានចុចប៊ូតុងដើម្បីដាក់ឱ្យដំណើការជាផ្លូវការនូវគេហទំព័ររបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលមានអាសយដ្ឋាន www.ccfdg.gov.kh និងបានបង្ហាញអំពីទម្រង់និងដំណើរការនៃការដាក់ពាក្យបណ្តឹងរបស់អ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ នៅពេលដែលអ្នកប្រើប្រាស់ ទទួលបានទំនិញ ឬសេវាកម្មណាមួយពុំសមតាមបំណង។
ចែករំលែក