CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មចំនួន៩៧រូប បានបំពេញនីតិវិធីសម្បថនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ស្របតាមប្រកាសអន្តរក្រសួងលេខ០៨៨កយ.ពណ.ប្រក/២២ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២

25 ខែ​កក្កដា, 2022

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២៖ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មចំនួន៩៧រូប បានបំពេញនីតិវិធីសម្បថនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ស្របតាមប្រកាសអន្តរក្រសួងលេខ០៨៨កយ.ពណ.ប្រក/២២ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ក្នុងការអនុវត្តការត្រួតពិនិត្យ និងស៊ើបអង្កេតបទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ខណៈពេលដែលមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅតាមបណ្តារាជធានីខេត្ត ក៏បានកំពុងបំពេញនីតិវិធីសម្បថដូចគ្នា នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលខ្លួនស្ថិតនៅផងដែរ។ ជាសរុប មន្រ្តីចំនួន២៨៥រូប នឹងទទួលបបាននីតិសម្បទាជានគរបាលយុត្តិធម៌ ក្រោមច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង។

ការបំពេញនីតិវិធីសម្បថនាពេលនេះ ក៏ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើ សេចក្តីសម្រេចលេខ៤៧ សសរ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដើម្បីដឹកនាំនិងត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពិការប្រកួតប្រជែងផងដែរ។ គួរបញ្ចាក់ផងដែរថា គ.ប.ក. មានសមាសភាពសរុបចំនួន ១៥រូប ដែល ១០រូបជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និង ៥រូបជាបុគ្គលឯករាជ្យ។ អគ្គនាយកដ្ឋាន ក.ប.ប. ដើរតួនាទីជាសេនាធិការ របស់ គ.ប.ក. ក្នុងការស៊ើបអង្កេត ខណៈដែលគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ជាអ្នកធ្វើសេចក្តីសម្រេចក្នុងការកំណត់ថា បុគ្គលណាមួយបំពានច្បាប់ ដោយផ្អែកលើភស្តុតាងដែលផ្តល់ដោយមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប.។

ការទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ របស់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. និងការបង្កើតនូវគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា នឹងផ្តល់លទ្ធភាពធ្វើឱ្យច្បាប់ស្តីពីការប្រកួតប្រជែងអាចអនុវត្តបានពេញលេញប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនរួមមាន (១) ការលើកទឹកចិត្តឱ្យមានទំនាក់ទំនងធុរកិច្ចដោយស្មើភាពនិងស្មោះត្រង់ (២) បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច (៣) ជំរុញឱ្យមានការបង្កើតធុរកិច្ចថ្មីៗ និង(៤)ជួយដល់អ្នកប្រើប្រាស់ឱ្យទទួលបានទំនិញនិងសេវាប្រកបដោយគុណភាព ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។

ចែករំលែក