CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

អគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ច សកម្មភាពអនុវត្តការងាររបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

27 ខែ​តុលា, 2022

(ខេត្តពោធិ៍សាត់)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ច សកម្មភាពអនុវត្តការងាររបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២២នាមាត់ស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរដែនដីជុំវិញខេត្ត មន្ត្រីរាជការនៃនាយកដ្ឋានកិច្ចការហាឡាល សាខា ក.ប.ប. ខេត្តពោធិ៍សាត់ ភ្ញៀវជាតិ និងអន្តរជាតិនានា ព្រមទាំងផលិតករ ពាណិជ្ជករ កសិករ និងនិស្សិតជាច្រើនរូប។

ការតាំងបង្ហាញខាងលើ អគ្គនាយកដ្ឋាន ក.ប.ប. បានរចនាផ្ទាំងរូបភាពបង្ហាញពីតួនាទីភារកិច្ចរបស់ខ្លួន បង្ហាញអំពីច្បាប់ដែល ក.ប.ប. កំពុងធ្វើការអនុវត្ត រួមមានច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ លិខិតបទដ្ឋានក្រោមច្បាប់ និងផ្ទាំងខិតប័ណ្ណអប់រំជាច្រើនទៀត ក្នុងគោលបំណងបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីសិទ្ធិក្នុងការទទួលបានការការពារដោយច្បាប់ និងយន្តការបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងករណីមានបទល្មើសកើតឡើង។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន ក.ប.ប. ដែលមាននាយកដ្ឋានកិច្ចការហាឡាលជាសេនាធិការ ក៏បានតាំងបង្ហាញសកម្មភាពរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» និងឯកសារពាក់ព័ន្ធនឹងកិច្ចការហាឡាល ពិសេសមានការដាក់តាំងផលិតផលហាឡាល ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេស ស្ដង់ដារផលិតផលហាឡាលកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា លើកកម្ពស់ទំនុកចិត្តរបស់បងប្អូនសាសនិកឥស្លាម មកលើស្លាកសញ្ញាហាឡាលកម្ពុជា ផ្សព្វផ្សាយអំពីបទប្បញ្ញត្តិពាក់ព័ន្ធ នីតិវីធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកក្នុងការគ្រប់គ្រងកិច្ចការហាឡាល និងជំរុញការធ្វើពាណិជ្ជកម្មផលិតផលហាឡាលកម្ពុជា ជាពិសេសការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

ដើម្បីចូលរួមអភិវឌ្ឍផលិតផលហាឡាលកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប. សូមលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស សិប្បកម្ម មកដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា។

ចែករំលែក