CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់

នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់

នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ ត្រូវបានបង្កើតឡើងតាមប្រកាសលេខ ២២៩ MOC/SM 2008 ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៨ មានការិយាល័យចំណុះចំនួន ៤គឺ៖ ការិយាល័យអង្កេត ការិយាល័យបង្ក្រាបការក្លែងបន្លំ និងឃោសនាភូតកុហក ការិយាល័យដោះស្រាយបណ្ដឹងរបស់អ្នកប្រើ និងផ្សព្វផ្សាយ ការិយាល័យត្រួតពិនិត្យពាណិជ្ជកម្ម។ ដោយសារការកែទម្រង់របស់រាជរដ្ឋាភិបាលនាយកដ្ឋាននេះត្រូវបានកែសម្រួលជានាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យ លេខ ៣៨ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ និងការិយាល័យចំណុះនាយកដ្នានតាមប្រកាសលេខ ២៥៥ ព.ណ.បល.ប្រក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាន និងសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០។

១- នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ មានភារកិច្ចដូចតទៅ៖

  • ស្រាវជ្រាវ រៀបចំ និងកសាងគោលនយោបាយនិងផែនការយុទ្ធសាស្ត្រការពារអ្នកប្រើប្រាស់
  • ដឹកនាំ ត្រួតពិនិត្យផលិតផលទំនិញនិងសេវា ក្នុងដំណាក់កាលធ្វើចរាចរណ៍លើទីផ្សារនិងព្រឹត្តិការណ៍ផ្សេងៗសម្រាប់កិច្ចការអង្កេតចាំបាច់
  • តាមដាន ស្រាវជ្រាវ និងចាត់វិធានការចំពោះការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ផលិតផលទំនិញ និងសេវាគ្រប់ប្រភេទដែលមានលក្ខណៈភូតកុហក ពង្វាងការពិត ក្លែងបន្លំ ឬធ្វើឱ្យអ្នកប្រើប្រាស់មានការភ័ន្តច្រឡំអំពីគុណភាព សុវត្ថិភាព និងផលប្រយោជន៍ផ្សេងៗ
  • រៀបចំ និងពិនិត្យពាក្យបណ្ដឹងពីបុគ្គលពាក់ព័ន្ធក្នុងក្របខណ្ឌការពារអ្នកប្រើប្រាស់ ដើម្បីចាត់វិធានការតាមនីតិវិធី
  • រៀបចំ កសាង និងចូលរួមអនុវត្តកម្មវិធីផ្សព្វផ្សាយ ផ្ដល់ព័ត៌មាន អប់រំ និងលើកកម្ពស់ការយល់ដឹងជូនអ្នកប្រើប្រាស់និងភាគីពាក់ព័ន្ធ
  • ធ្វើសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ក្នុងវិស័យការពារអ្នកប្រើប្រាស់
  • ជាចំណុចទំនាក់ទំនងក្នុងគណៈកម្មការការពារអ្នកប្រើប្រាស់អាស៊ាននិងដៃគូអភិវឌ្ឍន៍នានា
  • រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
  • គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន
  • បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកដ្ឋានប្រគល់ជូន។

នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់មានការិយាល័យចំណុះចំនួន៥(ប្រាំ) ដូចខាងក្រោម៖

១. ការិយាល័យស៊ើបអង្កេត

២. ការិយាល័យគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម និងបង្ក្រាបការក្លែងបន្លំ

៣. ការិយាល័យផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអ្នកប្រើប្រាស់

៤. ការិយាល័យដោះស្រាយបណ្ដឹងអ្នកប្រើប្រាស់

៥. ការិយាល័យសហប្រតិបត្តិការកិច្ចការអ្នកប្រើប្រាស់

ការិយាល័យស៊ើបអង្កេត ទទួលបន្ទុក ៖

  • រៀបចំបែបបទ​ និងនីតិវិធីនៃការស៊ើបអង្កេត និងត្រួតពិនិត្យផលិតផលទំនិញ និងសេវា
  • ដឹកនាំ សម្របសម្រួលក្រុមប្រតិបត្តិការស៊ើបអង្កេត និងត្រួតពិនិត្យផលិតផលទំនិញ និងសេវា ដែល​មាន​លក្ខណៈបច្ចេកទេស និងលក្ខខណ្ឌតម្រូវចាំបាច់​
  • តាមដាន សន្និដ្ឋានវាយតម្លៃការងារត្រួតពិនិត្យ និងស៊ើបអង្កេត ក្នុងក្របខណ្ឌ​នៃសមត្ថកិច្ច​របស់​អគ្គ​​នា​យ​ក​ដ្ឋាន
  • រៀបចំបែបបទ និងឯកសារពាក់ព័ន្ធដើម្បីការពារសេចក្តីសន្និដ្ឋាននៃការស៊ើបអង្កេត ប្រសិន​បើមាន​បណ្តឹង​តវ៉ា ឬបណ្តឹងជំទាស់ ពីបុគ្គល​បំពានច្បាប់ ទៅតុលាការមានសមត្ថកិច្ច
  • រៀបចំសំណើចាត់វិធានការហាមឃាត់ជាបណ្តោះអាសន្ន ចំពោះការផ្គត់ផ្គង់ ចែកចាយ ឬចរាចរ​លើទីផ្សារ​នូវផលិតផលទំនិញ ឬសេវាទាំងឡាយណាដែលបានស្រាវជ្រាវឃើញភស្តុតាងថាមិនមានភាពអនុលោម​
  • ផ្តល់មតិលើការអនុវត្តបែបបទ និងនីតិវិធីការងារ​ត្រួតពិនិត្យ​ពាក់ព័ន្ធ​នឹងកិច្ចការពារ​អ្នកប្រើប្រាស់​តាម​បណ្ដា​​​​​សាខា​រាជធានី ខេត្ត
  • អនុវត្តភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។

                 ការិយាល័យគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម និងបង្ក្រាបការក្លែងបន្លំ ទទួលបន្ទុក ៖

  • កសាងផែនការ គោលនយោបាយកិច្ចការពារអ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងផលិតផលទំនិញ និងសេវា ជាអាទិ៍ ការដាក់ស្លាកសញ្ញា ការផ្សាយពាណិជ្ជកម្ម និងការបង្ក្រាបការក្លែងបន្លំផ្សេងៗ
  • រៀបចំបែបបទ​ និងនីតិវិធីនៃការត្រួតពិនិត្យការផ្សាយពាណិជ្ជកម្ម និងបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់
  • ត្រួតពិនិត្យ និងវាយតម្លៃភាពអនុលោម នៃបទដ្ឋានព័ត៌មានអប្បបរមាសម្រាប់អ្នកប្រើប្រាស់
  • ត្រួតពិនិត្យ និងវាយតម្លៃភាពអនុលោម នៃការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ចំពោះផលិតផលទំនិញ និង សេវាគ្រប់ប្រភេទ ដោយរួមបញ្ចូលទាំងការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច
  • ចាត់វិធានការចំពោះការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មាន​លើ​​ផលិត​​​​ផល​ទំនិញ និងសេវាគ្រប់ប្រភេទ ដែល​មានលក្ខណភូតកុហក ពង្វាងការពិត ក្លែងបន្លំ ឬធ្វើ​ឱ្យ​​អ្នក​​​ប្រើប្រាស់​​មាន​​ការភាន់ច្រឡំ
  • អនុវត្តភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។

                 ការិយាល័យផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអ្នកប្រើប្រាស់ ទទួលបន្ទុក ៖              

  • រៀបចំ កសាងកម្មវិធី សេចក្តីណែនាំ ខ្លឹមសារអប់រំ និងស្ប៉តផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងជូន​អ្នក​ប្រើប្រាស់
  • អនុវត្តកម្មវិធីផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងជូនភាគីពាក់ព័ន្ធ អំពីកិច្ចការអ្នកប្រើប្រាស់ទៅតាម​គោលដៅ និងព្រឹត្តិការណ៍ចាំបាច់
  • សិក្សា ស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពសន្ទស្សន៍កម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់ ដើម្បីឆ្លើយតបនឹង​ការងារអនុវត្តច្បាប់ និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀតឱ្យមានប្រសិទ្ធភាព
  • ជំរុញ បង្កើត និងគាំទ្រចលនានៃការលើកកម្ពស់សិទ្ធិរបស់អ្នកប្រើប្រាស់
  • ទទួល និងតម្កល់ឯកសារចុះបញ្ជី និងលិខិតអនុញ្ញាតរបស់សមាគមអ្នកប្រើប្រាស់
  • រៀបចំរបាយការណ៍សកម្មភាពប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ របស់នាយកដ្ឋាន
  • រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
  • គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារក្នុងនាយកដ្ឋាន
  • អនុវត្តភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។

                 ការិយាល័យដោះស្រាយបណ្ដឹងអ្នកប្រើប្រាស់ ទទួលបន្ទុក ៖             

  • សិក្សា កសាង និងរៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងនីតិវីធីនៃការទទួលពាក្យបណ្តឹង
  • បង្កើតយន្តការនានា ដែលផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការដាក់ពាក្យបណ្តឹង
  • ទទួលពាក្យបណ្ដឹងពី បុគ្គលពាក់ព័ន្ធ អ្នកប្រើប្រាស់ សមាគមអ្នកប្រើប្រាស់ បញ្ញត្តិករ​ពាក់ព័ន្ធ និងអង្គការ​នានាដែលពាក់ព័ន្ធដល់កិច្ចការពារអ្នកប្រើប្រាស់
  • បញ្ជូនពាក្យបណ្តឹងទៅការិយាល័យស៊ើបអង្កេត ក្នុងករណីចាំបាច់តម្រូវឱ្យមានការស៊ើបអង្កេត
  • ពិនិត្យ និងដោះស្រាយបណ្តឹងពីបុគ្គលពាក់ព័ន្ធក្នុងក្របខណ្ឌការពារអ្នកប្រើប្រាស់
  • ​ចាត់វិធាន​ការ​តាមនីតិវិធីចាំបាច់នានា ក្នុងការអនុវត្តចំពោះដំណោះស្រាយលើបណ្តឹងពីបុគ្គលពាក់ព័ន្ធ
  • ផ្សព្វផ្សាយព័ត៌មានអំពីដំណោះស្រាយនៃបណ្តឹង និងព័ត៌មានផ្សេងៗទៀតដល់​សាធារណជន​តាមការ​ចាំបាច់
  • អនុវត្តភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។

                 ការិយាល័យសហប្រតិបត្តិការកិច្ចការអ្នកប្រើប្រាស់ ទទួលបន្ទុក ៖               

  • ទំនាក់ទំនង និងសម្របសម្រួលជាមួយស្ថាប័នជាតិ អន្តរជាតិ រួមទាំងដៃគូរអភិវឌ្ឍនានាក្នុងការទទួល និង​អនុវត្តគម្រោងកម្មវិធីជំនួយ​ និងសកម្មភាពផ្សេងៗទៀត ដើម្បីធានាប្រសិទ្ធភាពការងារក្នុងក្របខណ្ឌនៃ​កិច្ចការពារអ្នកប្រើប្រាស់
  • សហការជាមួយសមាគមអ្នកប្រើប្រាស់តាមវិស័យ និងភាគីពាក់ព័ន្ធ
  • សម្របសម្រួល សហការរៀបចំកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល សិក្ខាសិលា និងកម្មវិធីនានា ក្នុង​កម្រិតជាតិ តំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់
  • តាមដាន និងធ្វើបច្ចុប្បន្នភាពនៃដំណើរការអនុវត្តច្បាប់កិច្ចការពារអ្នកប្រើប្រាស់ក្នុងអាស៊ាន និងប្រទេស​​ដទៃ​ទៀត​សម្រាប់ជាធាតុចូល និងផ្តល់មតិយោបល់រួមចំណែកធ្វើឱ្យការអនុវត្តច្បាប់នេះនៅកម្ពុជា ​មាន​ប្រសិទ្ធភាពខ្ពស់
  • ធ្វើជាចំណុចទំនាក់ទំនងជាមួយគណៈកម្មាធិការអាស៊ានស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ស្ថាប័នការពារ​អ្នក​ប្រើ​ប្រាស់នៃបណ្តាប្រទេស​​ផ្សេងៗទៀត និងដៃគូរអភិវឌ្ឍន៍នានា
  • អនុវត្តភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។

២- រចនាសម្ព័ន្ធរបស់មន្ត្រីនៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់មានដូចជា ប្រធាននាយកដ្ឋាន១រូប អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រី ។

(មានភ្ជាប់ក្នុងឧបសម្ព័ន្ឋ)

៣- សកម្មភាពសំខាន់ៗ៖

  • ឆ្នាំ២០១៩
  • របាយការណ៍ប្រចាំឆ្នាំ២០២០
  • រូបថតនៃសកម្មភាពការងាររបស់នាយកដ្ឋាន

ដៃគូរសហការអភិវឌ្ឍផ្សេងៗ៖

  • ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)៖ បានជួយឧបត្ថមគាំទ្រលើពង្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងគាំទ្រលើការផ្តល់មតិនិងយោបល់តាមប្រព័ន្ធអនឡាញសម្រាប់ជាធាតុចូល ដើម្បីធ្វើឱ្យអនុក្រឹត្យនោះមានសុក្រឹត្យភាព និងតម្លាភាព រួមទាំងឧបត្ថមផ្តល់នូវការបោះពុម្ភសៀវភៅច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ចំនួន ១០០០ក្បាលដល់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​។
  • ដៃគូរអភិវឌ្ឍន៍ អង្គការសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់​(GIZ)៖​ ឧបត្ថមគាំទ្រដល់នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មលើជំនួយបច្ចេកទេស​ និងបានបង្កើតឡើងនូវកិច្ចព្រមព្រៀងមួយរវាង អង្គការសហប្រតិបត្តិការអន្តរជាតិអាឡឺម៉ង់​(GIZ) និងនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (CCF) ដោយកិច្ចព្រមព្រៀងនេះផ្តោតទៅលើ ៤ចំណុចសំខាន់ៗគឺ៖
  1. កិច្ចពិភាក្សា និងសហប្រតិបត្តិការក្នុងតំបន់
  2. ការអភិវឌ្ឍន៍ស្ថាប័ន និងបទបញ្ញត្តិ
  3. ការរៀបចំនូវប្រព័ន្ធដំណោះស្រាយ និងសំណង
  4. ការបណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយ
  • វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា(CIRD)៖ បានជួយឧបត្ថមគាំទ្រដល់នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់លើជំនួយបច្ចេកទេស ការអប់រំ និងផ្សព្វផ្សាយ និងបានផ្តល់នូវការបោះពុម្ភសៀវភៅចំនួន ៣០០០ច្បាប់ដល់នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់។

ចែករំលែក