(រាជធានីភ្នំពេញ): នៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងនិងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) បានរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីរំលោភបំពានសិទ្ធិ និងអត្ថប្រយោជន៍អ្នកប្រើប្រាស់ជូនដល់មន្ត្រីស៊ើបអង្កេតប្រមាណ១០០រូប ដែលអញ្ជើញមកពីនាយកដ្ឋានចំណុះ និងសាខា ក.ប.ប. គ្រប់រាជធានី-ខេត្ត។ វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃជំនួយបច្ចេកទេសដែល ACCC បានផ្តល់មកអគ្គនាយកដ្ឋាន ក.ប.ប. ដែលមានគោលបំណង បំពាក់បំប៉នជំនាញក្នុងការស៊ើបអង្កេតដូចជា៖
-ការកំណត់ទ្រឹស្តីសំណុំរឿង (Case Theory), ទ្រឹស្តីនៃហានិភ័យដែលអាចកើតឡើង (Theory of Harm)
-ការរៀបចំផែនការស៊ើបអង្កេត និងការប្រមូលភស្តុតាង
-នីតិវិធីសាកសួរសាក្សី និងការរៀបចំរបាយការណ៍បញ្ចប់សំណុំរឿង ជាដើម។
ថ្លែងក្នុងមតិបិទនៃវគ្គបណ្តុះបណ្តាល ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានលើកឡើងថា ថ្វីត្បិតតែការបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ មារយៈពេលខ្លី ប៉ុន្តែមន្ត្រីចូលរួមទាំងអស់បានទទួលនូវពុទ្ធិជាច្រើនតាមរយៈលំហាត់អនុវត្តជាក់ស្តែង និងការចូលរួមលើកជាមតិ ជាពិសេសគឺការក្រេបជញ្ជក់យកគន្លឹះចំណេះនិងជំនាញក្នុងការស៊ើបអង្កេត ក៏ដូចទទួលស្តាប់ការបទពិសោធន៍របស់គ្រូបង្គោលផងដែរ។
គួររំលឹកផងដែរថា លោក Guy Lanuders ដែលគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលខាងលើ គឺជាមន្ត្រីជំនាញផ្នែកស៊ើបអង្កេតរបស់ ACCC ហើយលោកក៏ធ្លាប់បំរើការជាមន្ត្រីនគរបាលទទួលបន្ទុកស៊ើបអង្កេតជាន់ខ្ពស់របស់ប្រទេស New Zealand ជាមួយនឹងបទពិសោធន៍ជាង ៤០ ឆ្នាំ។
Share with others