(ខេត្តស្វាយរៀង)៖ នៅថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង បានសហការគ្នាត្រួតពិនិត្យការនាំចូលខ្មងជើងគោពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលតាមច្រកទ្ធារអន្តរជាតិបាវិត ខេត្តស្វាយរៀង។
សកម្មភាពការងារ នៃការត្រួតពិនិត្យ មន្ត្រីជំនាញបានយកគំរូក្រចកជើងគោមកពិនិត្យនៅមន្ទីពិសោធន៍ខ្នាតតូចរបស់សាខា ក.ប.ប. ខេត្តស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
* ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញមានសារធាតុគីមី Formalin នៅក្នុងគំរូក្រចកជើងគោទាំងនោះឡើយ ដោយឡែកមន្រ្តីសាខាបានរកឃើញក្រចកជើងគោចំនួន ១២០ កេស ស្មើនឹងទម្ងន់ ២៤០០គីឡូក្រាម មានភាពមិនប្រក្រតីទៅលើឯកសារមួយចំនួនដូចជា៖
-គ្មានឯកសារបញ្ជាក់ពីប្រភពដើម
-គ្មានលិខិតអនុញ្ញាតនាំចូល
-ការដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេស (ទូបង្កក) ។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតក្រចកជើងគោទាំងនោះ មកដុតកម្ទេចចោលតាមនីតិវិធីនៅទីលានចាក់សំរាមខេត្តស្វាយរៀង។ សូមបញ្ជាក់ផងដែរថា ក្នុងការដុតកម្ទេចចោលនេះ មានការសហការ ពីអាជ្ញាធរដែនដី និងមន្រ្តីនៃសាខាគយខេត្តស្វាយរៀងផងដែរ៕
Share with others