(ខេត្តមណ្ឌលគីរី)៖ នៅថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តមណ្ឌលគីរី ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យម្ហូបអាហារ ទំនិញ អាល់កុល និងអង្កេតតម្លៃលក់ម៉ាស នៅផ្សារសែនមនោរម្យ និងតាមឱសថស្ថាន ម៉ាត នៅជុំវិញផ្សារ ស្ថិតនៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនរួមមាន៖ បន្លែ សាច់ និងគុយទាវ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលផងដែរ។ * ជាលទ្ធផលមន្រ្តីជំនាញពុំបានរកឃើញផលិតផលណាដែលមានភាពមិនប្រក្រតីនោះទេ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលេីផលិតផលទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
Share with others