(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយ និងការរៀបចំផែនការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភរបស់ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង GIZ ។
សិក្ខាសាលានេះគឺប្រារព្វឡើង ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋាន ក.ប.ប. ដៃគូអភិវឌ្ឍ និងវិស័យឯកជន ក្នុងគោលបំណងប្រមូលធាតុចូលពីអង្គសិក្ខាសាលាពាក់ព័ន្ធលើការរៀបចំផែនការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ នៅកម្ពុជា។
ក្នុងសិក្ខាសាលានេះដែរ ក៏មានការចូលរួមធ្វើ បទបង្ហាញនិងចែករំឡែកបទពិសោធន៍ពី ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អំពីបរិបទទូទៅនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន និង ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា៕
Share with others