(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់់ GIZ បានរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទ «ប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និងការស៊ើបអង្កេត, ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការដោះស្រាយតាមការចរចា និងបទប្បញ្ញត្តិពាក់ព័ន្ធក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង» ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពីសំណាក់ លោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន GIZ។
វគ្គបណ្ដុះបណ្ដាលនេះ មានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. រួមទាំងប្រធានសាខា ក.ប.ប. ទាំង ២៥ រាជធានី-ខេត្តចំនួនប្រមាណ ១៥០នាក់។
វគ្គបណ្ដុះបណ្ដាលខាងលើ គឺជាការបណ្ដុះបណ្ដាលផ្ទៃក្នុង ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងរបស់មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងមានគោលបំណងក្នុងការផ្សព្វផ្សាយនូវប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត, ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការដោះស្រាយតាមការចរចា ក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ឱ្យបានទូលំទូលាយ និងស៊ីជម្រៅជូនដល់មន្ត្រីដែលអនុវត្តច្បាប់ផ្ទាល់ ដើម្បីធានាឱ្យការអនុវត្តច្បាប់ទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល។
ជាមួយគ្នានេះផងដែរ ក៏មានការរៀបចំនូវកិច្ចពិភាក្សាតុមូល ដែលមានការចូលរួមពីវាទគ្មិនដែលមានបទពិសោធន៍ក្នុងការអនុវត្តការងារជាក់ស្ដែងមកពិភាក្សា និងចែករំលែកបទពិសោធន៍លើការអនុវត្តច្បាប់នានា ក្រោមដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលរួមមាន៖
- ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
- ច្បាប់ស្តីពីការប្រកួតប្រជែង
- ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអហារ
- និងច្បាប់ស្តីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា៕
Share with others