អំពីសាវតាទូទៅ
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៦ ជំពូកទី៥ បានចែងថា “ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ ការរៀបចំ និងការប្រព្រឹត្តទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះ នឹងមានកំណត់ក្នុងច្បាប់” ដើម្បីជំរុញល្បឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឆាប់រហ័ស។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនឹងជំរុញឱ្យសកម្មភាពផលិតកម្ម ផលិតភាព ពាណិជ្ជកម្ម និងសេវាកម្មមានការប្រកួតប្រជែង។
ដោយយល់ឃើញអំពីភាពចាំបាច់នេះ រាជរដ្ឋាភិបាលបានរៀបចំកម្មវិធីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ត្រង់ចំណុចទី១ មុំទី៤នៃចតុកោណទី៣ ដើម្បីជំរុញការរៀបចំនិងអនុម័តច្បាប់ស្តីពីការប្រកួតប្រជែង ដែលជាក្របខ័ណ្ឌសម្រាប់ជំរុញការប្រកួតប្រជែង ពង្រឹងរចនាសម័្ពន្ធឧស្សាហកម្ម រៀបចំយន្តការសម្រាប់អនុវត្តច្បាប់ និងលើកកម្ពស់វប្បធម៌ប្រកួតប្រជែង។
ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់ និងភាពចាំបាច់នៃការពង្រឹងនិងអភិវឌ្ឍសេដ្ឋកិច្ច ក៏មានហេតុផលជាច្រើនទៀតដែលតម្រូវ និងជំរុញឱ្យកម្ពុជាចាំបាច់ត្រូវមានច្បាប់ស្តីពីការប្រកួតប្រជែង ដែលក្នុងនោះរួមមាន៖ កាតព្វកិច្ចក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កិច្ចសន្យាក្នុងនាមជាសមាជិកអាស៊ាន ក្រោមផែនការសកម្មភាពស្ដីពីការប្រកួតប្រជែងរបស់អាស៊ានដែលបានដាក់ផែនទីបង្ហាញផ្លូវឱ្យបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ ត្រូវចាប់ផ្តើមអនុវត្តគោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែងនៅឆ្នាំ២០១៥ និងអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចជាច្រើនដែលបានមកពីគោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែងក្នុងឆាកអន្តរជាតិទាំងក្នុងតំបន់និងពិភពលោក។
គួរបញ្ជាក់ផងដែរថា សមាជិកអាស៊ាន ០៩ ក្នុងចំណោម ១០ បានអនុម័តច្បាប់ស្តីពីការប្រកួតប្រជែងរួចមកហើយ ដែលប្រទេសកម្ពុជាជាប្រទេសទី១០ នឹងតម្រូវឱ្យអនុម័តច្បាប់នេះ។
ប្រទេសកម្ពុជា បានធ្វើការបេ្តជា្ញដើម្បីបង្កើតច្បាប់ស្តីពីការប្រកួតប្រជែងតាំងពីឆ្នាំ២០០៦ ដោយមានជំនួយពីជំនាញការអន្តរជាតិមួយចំនួន និងមានឯកសារជាច្រើនទៀតដែលត្រូវបានរៀបចំ។ គួរកត់សម្គាល់ផងដែរថា ច្បាប់ស្តីពីការប្រកួតប្រជែង គឺជាបទប្បញ្ញត្តិមានលក្ខណៈសេដ្ឋកិច្ចនិងមានភាពស្មុគស្មាញ ហើយមានវិសាលភាពគ្របដណ្តប់លើសេដ្ឋកិច្ចជាតិនិងមានភាពខុសគ្នាឆ្ងាយពីបទប្បញ្ញត្តិដទៃផ្សេងទៀត។ ដោយសារតែភាពស្មុគស្មាញ និងវិធីសាស្ត្រផ្សេងៗគ្នារបស់ទីប្រឹក្សាអន្តរជាតិ ដែលមកពីប្រទេសដែលមានយុត្តាធិការផ្សេងៗគ្នា ប្រទេសកម្ពុជាបានរៀបចំកែសម្រួលលើសេចក្តីពា្រងច្បាប់ស្តីពីការប្រកួតប្រជែងរបស់ខ្លួនស្ទើរតែទាំងអស់ឡើងវិញ នៅពេលមានការផ្លាស់ប្តូរជំនាញការអន្តរជាតិនីមួយៗ ដែលបានជួយគាំទ្រដល់ការតាក់តែងសេចក្តីព្រាងច្បាប់នេះ។
សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង បានទទួលបានការឯកភាពទាំងស្រុងដោយ គណៈកម្មការទី៩ នៃរដ្ឋសភា ហើយក្រសួងពាណិជ្ជកម្មសង្ឃឹមថាសេចក្តីព្រាងច្បាប់នេះ នឹងទទួលបានការអនុម័តជាស្ថាពរនាចុងឆ្នាំ២០២១ខាងមុខនេះ។
រូបភាពកិច្ចប្រជុំជាមួយគណៈកម្មការទី៩នៃរដ្ឋសភា ការពារលើសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង
អំពីសមាសភាព
គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា នឹងត្រូវបង្កើតឡើងដោយអនុក្រឹត្យតាមរយៈច្បាប់ស្តីពីការប្រកួតប្រជែង ដែលនឹងត្រូវអនុម័តឱ្យប្រើនាពេលដ៏ខ្លីខាងមុខនេះ។ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលសរសេរជាអក្សរកាត់ថា «គ.ប.ក.» ត្រូវដឹកនាំដោយប្រធាន ០១(មួយ)រូប ដែលជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានអនុប្រធាន និងសមាជិកមួយចំនួន មកពីក្រសួង ស្ថាប័នពាក់ព័ន្ធតាមការចាំបាច់។
គ.ប.ក. ក៏នឹងត្រូវមានសមាជិកដែលជាបុគ្គលឯករាជ្យផ្សេងទៀតរួមមាន អតីតចៅក្រម បុគ្គលមានចំណេះដឹងនិងបទពិសោធន៍ផ្នែកច្បាប់ និងបុគ្គលមានចំណេះដឹងនិងបទពិសោធន៍ផ្នែកសេដ្ឋកិច្ច។ សមាជិកគ.ប.ក. ទាំងអស់ត្រូវទទួលបានអាណត្តិ ០៥(ប្រាំ)ឆ្នាំ។
អំពីតួនាទី និងភារកិច្ច
គ.ប.ក. មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
១- រៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្រ្តដែលទាក់ទងដល់ការប្រកួតប្រជែង។
២- ផ្ដល់យោបល់លើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលពាក់ព័ន្ធដល់ការប្រកួតប្រជែង
ជូនរាជរដ្ឋាភិបាល។
៣- ស្នើសុំរាជរដ្ឋាភិបាលធ្វើការកែសម្រួលឬវិសោធនកម្មលើលិខិតបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិដែលប៉ះពាល់
ដល់ការប្រកួតប្រជែង។
៤- ចេញសេចក្ដីសម្រេច ចេញវិធានការផ្អាកឬឃាត់ទុកជាបណ្តោះអាសន្ន និងធ្វើការផាកពិន័យជាប្រាក់។
៥- បង្កើតបែបបទនិងនីតិវិធីនៃការគណនាប្រាក់ផាកពិន័យ។
៦- បង្កើតវិធានទាក់ទងនឹងទំនាស់ផលប្រយោជន៍របស់សមាជិកគ.ប.ក.។
៧- រៀបចំលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។
៨- រៀបចំលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ការអនុញ្ញាតចំពោះការព្រមព្រៀងឬសកម្មភាពណាមួយពាក់ព័ន្ធនឹង
ការប្រកួតប្រជែង។
៩- រៀបចំលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ការអនុញ្ញាតជាសមូហភាពចំពោះការព្រមព្រៀងឬសកម្មភាពណាមួយ
ពាក់ព័ន្ធនឹងការប្រកួតប្រជែង។
១០- រៀបចំលក្ខខណ្ឌនិងនីតិវិធីអំពីគោលការណ៍អនុគ្រោះលើការផាកពិន័យជាប្រាក់។
១១- ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឬបញ្ញត្តិករមានសមត្ថកិច្ចជាតិ រដ្ឋបរទេស និងអន្តរជាតិពាក់ព័ន្ធនឹង
ការប្រកួតប្រជែង។
១២- ទទួលពាក្យបណ្តឹង។ ១៣- បង្កើតបទប្បញ្ញត្តិនិងវិធានផ្សេងៗទៀត ដែលជាសមត្ថកិច្ចរបស់គ.ប.ក. ពាក់ព័ន្ធនឹងការប្រកួតប្រជែង។
Share with others