អំពីសាវតាទូទៅ
ប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃគណៈកម្មាធិការកូដិចអន្តរជាតិ(Codex Alimentarius Commission)ដែលជាស្ថាប័នអភិវឌ្ឍន៍ស្តង់ដារម្ហូបអាហាររួមរបស់អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក នៅឆ្នាំ១៩៧៤ ។ នៅឆ្នាំ ១៩៩៨ ក្រោមការផ្ដួចផ្ដើម ពី អង្គការស្បៀងនិងកសិកម្មនៃ សហប្រជាជាតិចំណុចទំនាក់ទំនងកូដិចជាតិមួយ ត្រូវបានបង្កើតឡើង ដែលមាន ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋានកាំកុងត្រូល)ជាស្ថាប័នទទួលបន្ទុក។ ការបង្កើត ឱ្យមានចំណុច ទំនាក់ទំនងកូដិចជាតិនេះអាចឱ្យកម្ពុជាទទួលបាននូវឯកសារនានារបស់កូដិចនិងអាច ឆ្លើយតប នូវគោលជំហរ ជាតិពាក់ព័ន្ធទៅនឹងបញ្ហាគុណភាព សុវត្ថិភាព និងប្រព័ន្ធត្រួតពិនិត្យផលិតផល ម្ហូបអាហារនាំចេញ-នាំចូល ដែលបានស្នើនិងរៀបចំឡើងដោយប្រទេសជាសមាជិក នៅក្រោមក្របខណ្ឌនៃគណៈកម្មាធិការកូដិច អន្តរជាតិ។
ពាក្យ “ស្តង់ដារម្ហូបអាហារ” ត្រូវបានប្រើក្នុងន័យជាទូទៅ ដែលសំដៅទៅលើឯកសារកូដិច រួមមានស្តង់ដារ គោលការណ៍ណែនាំ និងក្រមអនុវត្តន៍ ដែលត្រូវបានរៀបចំឡើងផ្អែកទៅតាមនីតិវិធីជាក់លាក់ តាមរយៈការពិគ្រោះ យោបល់ កិច្ចប្រជុំពិភាក្សា និងអនុម័តជាលក្ខណៈអន្តរជាតិ ប្រកបដោយតម្លាភាព និងឯកភាព ក្នុងគោលបំណងការពារសុខភាពអ្នកប្រើប្រាស់ និងធានាភាពស្មោះត្រង់នៅក្នុងពាណិជ្ជកម្ម ម្ហូបអាហារ អន្តរជាតិ។
កន្លងមកបញ្ហាគ្រប់គ្រងកិច្ចការកូដិចកម្ពុជា ត្រូវបានកំណត់នៅក្នុង អនុក្រឹត្យ លេខ០៥ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ១៩៩៨ ស្ដីពីគណៈកម្មាធិការអន្តរក្រសួងសម្របសម្រួលការត្រួតពិនិត្យ គុណភាព សុវត្ថិភាពផលិតផល និងសេវាកម្ម និងត្រូវបានបំពេញបន្ថែមដោយអនុក្រឹត្យ លេខ២៨ អនក្រ.បក ចុះថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០០១ ។
អំពីសមាសភាព
ដោយហេតុថា គណៈកម្មាធិការកូដិច(អន្តរជាតិ) គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដូច្នេះសមាសភាពរបស់ គណៈកម្មាធិការកូដិចជាតិ គឺមានតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធចូលរួម ដែលមានតួនាទី ក្នុងការសម្រេច រាល់គោលនយោបាយ និងគោលជំហរជាតិស្ដីពីកិច្ចការកូដិចជាតិ ។ ទោះជាយ៉ាងនេះក៏ដោយ ដោយហេតុថា ការងារកូដិចគឺជាកិច្ចការបច្ចេកទេសនិងវិទ្យាសាស្រ្ត ដូច្នេះរាល់ការចូលរួមផ្ដល់មតិយោបល់ អាចត្រូវបាន អញ្ជើញក្រុម អ្នកជំនាញផលិតម្ហូប អាហារ ឬ ក្រុមអ្នកវិទ្យាសាស្រ្តឱ្យចូលរួមផងដែរ។
អំពីភារកិច្ចនិងតួនាទី
គណៈកម្មាធិការកូដិចជាតិ គឺជាស្ថាប័នថ្នាក់កំពូលនៃកូដិច ដែលមានភារកិច្ចចំបងក្នុងការផ្ដល់យោបល់ដល់ រាជរដ្ឋាភិបាលអំពីអត្ថប្រយោជន៍និងផលប៉ះពាល់ពីការអនុវត្តស្តង់ដារម្ហូបអាហារអន្តរជាតិ ចំពោះវិស័យពាណិជ្ជកម្ម (ជាពិសេសការនាំចេញ)របស់កម្ពុជា ។ ដូច្នេះគណៈកម្មាធិការកូដិចជាតិបានរៀបចំនូវរចនាសម្ព័ន្ធគ្រប់គ្រង ដែលក្នុងនោះមាន៖
ក្រុមការងារបច្ចេកទេសមានតួនាទីជាគណៈកម្មាធិការស្រមោលរបស់កូដិច ដែលមានភារកិច្ចពិនិត្យសិក្សា និងផ្ដល់ យោបល់លើគ្រប់ទិដ្ឋភាពបច្ចេកទេស ដែលបានរៀបចំនិងស្នើឡើង ដោយលេខាធិការដ្ឋានកូដិចក្នុង ដំណើរការរៀប ចំធ្វើស្តង់ដារថ្មីឬ វិសោធនកម្មស្តង់ដារ។
ក្រៅពីតំណាងពីស្ថាប័ន/ក្រសួង សមាសភាពក្រុមការងារបច្ចេកទេសអាចមានតំណាងផងដែរពីក្រុមអ្នកពាក់ព័ន្ធ ដូចជា វិស័យឯកជន និងអង្គការអន្តរជាតិ ដើម្បីអាចផ្ដល់ការពិគ្រោះយោបល់បានពេញលេញ។
អំពីអត្ថប្រយោជន៍ពីការចូលរួមរបស់កម្ពុជាក្នុងកិច្ចការកូដិច
បញ្ហាអភិវឌ្ឍន៍ស្តង់ដារត្រូវបានចាត់ទុកជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលផងដែរ ដូចដែលមាន នៅក្នុង យុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ (ចតុកោណ ទី៣ មុំទី៤ ការពង្រឹងការប្រកួតប្រជែង) ដែលក្នុង នោះបានកំណត់ថា៖ “ការបន្តជំរុញការរៀបចំនិង អនុវត្តស្តង់ដារទំនិញ សេវានិងការគ្រប់គ្រង ហើយលើកកម្ពស់ស្តង់ដារ ទាំងនោះជាប្រចាំ ដើម្បីជំរុញ ការចាប់យកបច្ចេកវិទ្យាថ្មី និងលើកកម្ពស់ គុណភាព។ ” ការចូលរួមរបស់កម្ពុជានៅក្នុងសកម្មភាពរៀបចំនិងអភិវឌ្ឍន៍ស្តង់ដារម្ហូបអាហារក្នុងក្របខណ្ឌកូដិចអន្តរជាតិ នឹងផ្ដល់នូវ សារៈផលប្រយោជន៍សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ដោយហេតុថាបច្ចុប្បន្ន មានផលិតផលម្ហូបអាហារជាច្រើនប្រភេទ ត្រូវបានផលិតដោយកម្ពុជា ប៉ុន្តែដោយបញ្ហាកង្វះខាតផ្នែកធនធាននិងបច្ចេកវិទ្យា ផលិតផលភាគច្រើន ទាំងនោះមិនទាន់ មានរៀបចំជាលក្ខណៈតាមស្តង់ដារអន្តរជាតិនៅឡើយ។ ដូច្នេះការជំរុញផលិតផលរបស់កម្ពុជាឱ្យមានស្តង់ដារ គឺជាកត្តា សំខាន់ក្នុងការចូលកាន់ទៅទីផ្សារអន្តរជាតិ។ ម្យ៉ាងទៀតការចូលរួមក្នុងកិច្ចការកូដិចនេះអាចឱ្យកម្ពុជាទទួលបាននូវបច្ចប្បន្នភាពទាន់សម័យ អំពីការអភិវឌ្ឍបច្ចេកវិទ្យា ថ្មី និងអាចសម្រេចគោលនយោបាយ ក្នុងការកសាងប្រព័ន្ធត្រួតពិនិត្យសមស្រប និងលើសពីនេះទៀតគឺអាចទទួល ផលប្រយោជន៍ពីការប្រើប្រាស់ទិន្នន័យនៃការសិក្សាវាយតម្លៃហានិភ័យ(Risk Assessment) ដែលបានធ្វើឡើងដោយ អ្នកជំនាញរបស់ FAO/WHO សម្រាប់ប្រើប្រាស់ក្នុងការរៀបចំនិងកសាងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ ថ្នាក់ជាតិ។
Share with others