CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

គ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកម្មវិធីពិសាអាហារសាមគ្គី នៃមហាគ្រួសារ ក.ប.ប. ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ដៃគូអភិវឌ្ឍ និងវិស័យឯកជន ប្រមាណជាង៥០០នាក់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣

22 ខែ​សីហា, 2023

កម្មវិធីនេះ ប្រព្រឹត្តិឡើងក្នុងគោលបំណង ថ្លែងអំណរគុណដល់មន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារយ៉ាងសកម្ម ជាពិសេសការកសាងលិខិត បទដ្ឋានគតិយុត្ត និងក៏ជាឱកាសក្នុងការថ្លែងអំណរគុណ ដល់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពចុះជួយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំទាំង៣នាពេលកន្លងមក។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឲ្យដឹងថា បច្ចុប្បន្នអគ្គនាយកដ្ឋាន ក.ប.ប. កសាងបាននូវមូលដ្ឋានច្បាប់ ចំនួន៤ គឺ៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។

ក្រៅពីនេះ អគ្គនាយកដ្ឋានកសាង បទប្បញ្ញត្តិដែលតម្រូវដោយច្បាប់បានចំនួន៧០ទៀត និងនៅមានសេចក្តីព្រាងច្បាប់ចំនួន១ អនុក្រឹត្យចំនួន៣ និងប្រកាសចំនួន៦ ត្រូវបានកសាងបញ្ចប់ផងដែរ។ ច្បាប់ និងបទប្បញ្ញត្តិទាំងនោះ ត្រូវបានបណ្តុះបណ្តាលដល់មន្រ្តីអនុវត្តច្បាប់ ចំនួន៥២លើក និងផ្សព្វផ្សាយជូនដល់សភាពាណិជ្ជកម្ម តំណាងក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងអ្នកប្រើប្រាស់ បានចំនួន៣៦ លើក។

មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ បានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១,៨៦៣ ដែលប្រកបអាជីវកម្មមិនសុចរិត, រឹបអូសមកកំទេចចោលផលិតផល ទំនិញមិនមានអនុលោមភាពប្រមាណជាង ២,៨០៩តោន, រកឃើញស្ពតផ្សាយពាណិជ្ជកម្មមិនពិត ឬដែលបំភាន់ចំនួន៧៥។

ជាងនេះទៀត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលទទួលឃុំ៣ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម គឺ ឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន បានដាក់ចេញ និងចុះអនុវត្តនូវកម្មវិធីផ្សព្វផ្សាយ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការជួយជំរុញការផ្តល់សេវាសាធារណៈឱ្យបានកាន់ប្រសើរឡើងផងដែរ៕

ចែករំលែក